(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំឲ្យគណៈកម្មការវត្តសិលានិម្មិត ហៅវត្តពុទ្រា ស្ថិតនៅឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវរៀបចំទីវត្តអារាមនេះឲ្យបានស្អាត ដូចជាធ្វើផ្លូវចូល សួនច្បារ ដាំដើមឈើជាដើម ដើម្បីផ្សារភ្ជាប់វិស័យព្រះពុទ្ធសាសនាទៅនឹងវិស័យទេសចរណ៍។
លោកអភិបាលខេត្តជំរុញបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលក្នុងវត្តសិលានិម្មិត ដែលបានចំណាយថវិកាសាងសង់ជិត ២០ម៉ឺនដុល្លារ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
លោកថា សមិទ្ធផលទាំងនេះកើតឡើងបានក៏ដោយសារភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាពផងដែរ ពោលបើវិស័យអាណាចក្រមិនរីកចម្រើន វិស័យពុទ្ធចក្រក៏មិនរីកចម្រើនដែរ។
លោក អ៊ុន ចាន់ដា បានបន្តថា ប្រសិនបើក្នុងករណីប្រទេសមានសង្គ្រាម សួរថាទីវត្តអារាមរបស់យើងនេះ មានព្រះសង្ឃគង់នៅទៀតទេ គឺគ្មានទេ។ បើយើងគ្មានសង្រ្គាម យើងបានជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយក្តីរីករាយដូចពេលនេះ។
លោកបានបញ្ជាក់ដែរថា ដើម្បីធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនតទៅមុខទៀត ទាល់តែវិស័យអាណាចក្ររីកចម្រើនដែរ ព្រោះវិស័យពុទ្ធចក្រ និងអាណាចក្រ គឺត្រូវតែដើរទន្ទឹមគ្នា។
លោកថា បើជីវភាពប្រជាពលរដ្ឋមានកម្រិតស្ថិតក្នុងភាពក្រីក្រ ការចូលរួមកសាង ការធ្វើបុណ្យទាន ការប្រមូលបច្ច័យក៏មានកម្រិតដែរ ការកសាងអ្វីមួយត្រូវប្រើរយៈពេលយូរណាស់ ប៉ុន្តែបើវិស័យអាណាចក្រមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធា ការចូលបច្ច័យកសាងផ្សេងៗក៏បានច្រើនដែរ ជាក់ស្តែងដូចសមិទ្ធផលដែលសម្ពោធនេះ គឺកសាងតែរយៈពេលជាង៤ឆ្នាំ អស់ថវិការជាង ១៦ម៉ឺនដុល្លារ ឯណោះ។
ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានណែនាំឲ្យគណៈកម្មការវត្តត្រូវរៀបចំទីវត្តអារាមនេះឲ្យបានស្អាត ដូចជាធ្វើផ្លូវចូល សួនច្បារ ដាំដើមឈើជាដើម ដើម្បីផ្សារភ្ជាប់វិស័យព្រះពុទ្ធសាសនាទៅនឹងវិស័យទេសចរណ៍៕