(ក្រចេះ-ស្ទឹងត្រែង)៖ គ្រោះធម្មជាតិបណ្ដាលឲ្យមនុស្សចំនួន២នាក់ បានស្លាប់ដោយសាររន្ទះបាញ់ និងផ្ទះចំនួន២៨ខ្នង ត្រូវបាក់រលំខ្ទេចខ្ទីដោយសារខ្យល់កន្រ្ទាក់លាយឡំភ្លៀងមួយមេធំ នៅព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅស្រុកស្នួល និងស្រុកសំបូរ ខេត្តក្រចេះ។
លោក គង់ គឹមនី អភិបាលស្រុកស្នួល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនានេះថា ករណីនេះបានបណ្តាលឲ្យមានមនុស្សស្លាប់២នាក់ និងរងរបួសម្នាក់។
ដោយឡែកនៅក្នុងស្រុកសំបូរ លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថា មានផ្ទះប្រជាពលរដ្ឋចំនួន២៨ខ្នងផ្ទះ បានទទួលរងគ្រោះដោយឥទ្ធិពលគ្រោះធម្មជាតិនេះ ដួលរលំ ខូចខាតស្ទើរទាំងស្រុកតែម្តង។ ចំពោះសត្វពាហនៈពុំមានរងគ្រោះថ្នាក់ឡើយ ហើយលោកបានដឹកនាំកម្លាំង ចុះទៅត្រួតពិនិត្យជាក់ស្ដែង និងជួយអន្តរាគមន៍ រុះរើផ្ទះដែលរងការខូចបន្តិចបន្ទួច ដើម្បីជួសជុលឡើងវិញ។
ចំណែកតាមបណ្តាស្រុកក្រុងមួយចំនួនដូចជា៖ ក្រុងក្រចេះ ស្រុកចិត្របុរី ឆ្លូង និងស្រុកព្រែកប្រសព ជាដើម គឺពុំមានជួបបាតុភាពដូចស្រុកស្នួល និងស្រុកសំបូរឡើយ ផ្ទុយទៅវិញ គឺមានភ្លៀងធ្លាក់គ្រប់គ្រាន់ថែមទៀតផង។
ដោយឡែកកាលពីរសៀលថ្ងៃទី២៣ ខែមីនា ផងដែរក៏មានមានភ្លៀងកក់ខែមួយមេ លាយឡំខ្យល់កន្រ្តាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួនរងការខូចខាត ក្នុងនោះសាលាបឋមសិក្សាឬទ្ធីសែនជ័យ២ ក៏ត្រូវបានរន្ទះបាញ់ចំដងទង់ជាតិបាក់រលំទាំងស្រុងផងដែរ។
លោក ម៉ែន សារឿន មេភូមិឬទ្ធីសែនជ័យ២ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងត្រូវរងការខូចខាត របើកដំបូល និងរលំជើងតាង រន្ទះបាញ់ផ្ទាំងសូឡា រីឯសាលារៀនឬទ្ធីសែនជ័យ២វិញ ត្រូវបានរន្ទះបាញ់ចូលសាលា បណ្តាលឲ្យកូនសិស្ស៤នាក់រងរបួសស្រាល ត្រូវបានឪពុកម្តាយយកទៅសង្រ្គោះ និងព្យាបាលតាមបែបប្រពៃណីនៅឯផ្ទះ។
ក្រសួងធនធានទឹក និងឧតុនិមយ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងទទួលរងនូវភ្លៀងកក់ខែ ដែលអាចបង្កឲ្យមានផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានឡើង។
សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា បណ្ដាខេត្តភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាមាន២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន៣០-៣២អង្សាសេ ខណៈបណ្ដាលខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេផងដែរ៕