(ភ្នំពេញ)៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ នាឆ្នាំនេះ វិទ្យាល័យឥន្រ្ទទេវី នឹងរៀបចំកម្មវិធី «សង្ក្រាន្តវិទ្យាល័យ» រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០៥-០៦-០៧ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនងមិត្តភាពរបស់ប្អូនៗ គ្រប់បណ្តាវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូននិស្សិត និងមហាជនទូទៅ ចូលរួមបង្កើតបរិយាកាសសប្បាយរីករាយ។
កម្មវិធីនេះ មានការចូលរួមឧបត្ថម្ភធំ ដោយក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុន មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ហើយតែងតែចូលរួមគាំទ្រកម្មវិធីនានារបស់សង្គម ជាពិសេសផ្តោតយ៉ាងសំខាន់លើយុវជន ជួយបំផុសបំផុលស្មារតី ឲ្យពួកគេជៀសឆ្ងាយពីគ្រឿងញៀន ដោយនាំយកកម្មវិធីថ្មីៗជាច្រើន។
ជាក់ស្ដែង ក្នុង សន្និសីទ សារព័ត៌មាន អ្នកតំណាងរៀបចំកម្មវិធី បានឲ្យដឹងថា កម្មវិធី «សង្ក្រាន្តវិទ្យាល័យ» នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ដូចខាងក្រោម៖
* ផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំ, ឧបករណ៍ប្រជាប្រិយ និងចង្វាក់ប្រពៃណីរបស់ខ្មែរ។
* ផ្តល់ឱកាសដល់សិស្សវិទ្យាល័យផ្សេងៗ ចូលរួមជាមួយកម្មវិធី ហើយយល់ពីតម្លៃ មិត្តភាពសាមគ្គីភាព និងការស្រលាញ់ រាប់អានគ្នា អធ្យាស្រ័យគ្នា ដោយគោរពតាមទម្រង់ នៃសិល្បៈវប្បធម៌ ប្រពៃណីខ្មែរ ក្រោមស្មារតីខ្មែរតែមួយ។
* លុបបំបាត់សិល្បៈបែកស្លុយ និងសាបព្រោះនូវទម្រង់សិល្បៈ បែបប្រជាប្រិយ ប្រពៃណីខ្មែរ។
* ផ្សារភ្ជាប់ និងលើកទឹកចិត្តប្អូនៗ វិទ្យាល័យនានា តាមរយៈការចូលរួមកម្មវិធី ក្នុងបរិវេណវិទ្យាល័យខាងលើ ដោយមិនប្រកាន់ទស្សនៈវិទ្យាល័យនិយម។
បន្ថែមពីនេះទៅទៀត កម្មវិធីនេះ ក៏បានរំលេចនូវមាតិកា នៃកម្មវិធីឆ្នាំនេះ ដោយផ្តោតលើគោលចំនុចសំខាន់ៗបី ដូចជា៖
១៖ បំនិនជីវិត ដោយតម្រូវឲ្យសិស្សានុសិស្ស តំណាងវិទ្យាល័យចំនួន៨ ចូលរួមប្រកួតកម្មវិធី ចុងភៅវ័យក្មេង (ប្រកួតធ្វើម្ហូប និង បង្អែមខ្មែរ)។
២៖ ទេពកោសល្យសិល្បៈ បើកឲ្យមានការប្រកួតសំនៀង របស់សិស្សវិទ្យាល័យផ្សេងៗ ទៅលើចង្វាក់ប្រជាប្រិយខ្មែរ ក្រោមកម្មវិធីឈ្មោះថា «ម្ចាស់សំនៀងវិទ្យាល័យ»។
៣៖ គំនិតច្នៃប្រឌិត និងកែច្នៃបើកឲ្យសិស្សានុសិស្ស តំណាងវិទ្យាល័យចំនួន៨ ដាក់តាំងបង្ហាញស្នាដៃច្នៃប្រឌិត បែបវិទ្យាសាស្ត្រ ក្រោមកម្មវិធី «ភូមិវិទ្យាសាស្ត្រ វិទ្យាល័យមួយស្នាដៃមួយ» និងកម្មវិធីច្នៃម៉ូត សម្លៀកបំពាក់កែច្នៃ ពីសំរាមដោយជំរុញយុវជន ឲ្យស្រលាញ់បរិស្ថាន ក្រោមកម្មវិធី «យុវទូតវិទ្យាល័យ ច្នៃប្រឌិត»។
សូមបញ្ជាក់ថា កម្មវិធី «សង្ក្រាន្តវិទ្យាល័យ» បានប្រារព្ធឡើង៣ដងរួចមកហើយ ពោលគឺ លើកទី១ នៅឆ្នាំ២០១៦៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន, លើកទី២ នៅឆ្នាំ២០១៧៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន និងលើកទី៣ នៅឆ្នាំ២០១៨៖ វិទ្យាល័យ ជាស៊ីមសាមគ្គី៕