(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានអំពាវនាវឲ្យព្រះសង្ឃគ្រប់អង្គ ដែលមានតួនាទី កាតព្វកិច្ច ឈរលើថ្នាលបណ្តុះព្រះសង្ឃ និងធនធានមនុស្ស សូមប្រើប្រាស់តួនាទីជាពុម្ភបណ្តុះមនុស្សថ្មី ធ្វើយ៉ាងណាឆ្លាក់មនុស្សទាំងអស់នោះ ពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ មានឆន្ទៈ និងមនសិការខ្ពស់ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស និងសូមឲ្យប្រើប្រាស់ទីអារាមនេះ ឲ្យសមស្របនឹងទឹកចិត្តរបស់សម្បុរសជនដែលបានផ្តល់ជូន សម្រាប់ជាម្លប់ដ៏ល្អប្រពៃ ជាជំនឿក៏ដូចភាពកកក់ក្តៅរបស់ប្រជាពលរដ្ឋ និងជាកន្លែងជ្រកកោននូវវប្បធម៌ជាតិ។
ការអំពាវនាវរបស់លោក ម៉ៅ ធនិន ធ្វើឡើងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សា វត្តគិរីបុទុម្ពរ (ហៅវត្តប្រម៉ោយ) មានទំហំ១២ គុណ៣២ម៉ែត្រ កម្ពស់២ជាន់ មាន១៨បន្ទប់ ចំណាយថវិកាសាងសង់ ជិត៨០០លានរៀល ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ ព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័យយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះដែរ លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ ចំពោះពុទ្ធបរិស័ទ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានទឹកចិត្តជ្រះថ្លា សាមគ្គីគ្នា ជួយកសាងសាលាពុទ្ធិកបឋមសិក្សានេះឡើង សម្រាប់ជាប្រយោជន៍ដល់ព្រះសង្ឃ បានសិក្សារៀនសូត្រ និងជាកន្លែងជ្រកកោននូវវប្បធម៌ជាតិ។ សមិទ្ធផលនេះ បានផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ហើយក៏បានបញ្ជាក់ឲ្យឃើញពីប្រទេសជាតិ ដែលមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញតឲ្យយើងទាំងគ្នា បានរួមគ្នាធ្វើបុណ្យរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
ជាមួយគ្នានោះ លោកបានឲ្យដឹងថា តំបន់នេះពីដើមឡើយ ជាជម្រករបស់ខ្មែរក្រហម មានការប្រយុទ្ធគ្នាស្ទើររាល់ថ្ងៃ ហើយមួយវិញទៀត គ្មានផ្លូវ ដូច្នេះមិនសូវមានប្រជាពលរដ្ឋណា គេមករស់នៅនោះឡើយ។ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យតំបន់អតីតសមរភូមិសង្គ្រាម ក្លាយជាតំបន់អភិវឌ្ឍន៍នោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមដាក់ចេញផែនការ ក្នុងការអភិវឌ្ឍស្រុកវាលវែងជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានកសាងផ្លូវមួយខ្សែបន្ថែមទៀត គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅច្រកព្រំដែនថ្មដា ជាប់ប្រទេសថៃ។ បច្ចប្បន្នតំបន់នេះ បានក្លាយជាតំបន់ទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលពោរពេញទៅដោយការចង់មកលេង និងចង់មករស់នៅ ម៉្លោះហើយរយៈ៥ខែកន្លងមកនេះ សន្ទុះនៃប្រជាប្រពលរដ្ឋ ចង់មករស់នៅក្នុងស្រុកវាលវែង គឺមានការកើតឡើងច្រើនតែម្តង។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងដីអាស្រ័យផលហើយ សូមប្រើប្រាស់ឲ្យអស់លទ្ធភាព កុំកាប់ទន្ទ្រានដីថ្មី និងមានការចូលរួមការពារធនធានធម្មជាតិ ការពារនូវតម្លៃសន្តិភាព សាមគ្គីភាព ឲ្យមានលក្ខណៈល្អប្រសើរទាំងអស់គ្នា ព្រមទាំងជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការចំពោះជនចំណាកស្រុកទាំងឡាយណា ដែលមានបំណងចូលមកលុកលុយ កាប់ទន្ទ្រានដីព្រៃខុសច្បាប់ ក្នុងភូមិសាស្ត្ររដ្ឋបាលរបស់ខ្លួន។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានជួយកសាងសសរព្រះវិហារថ្មី ចំនួន១០ដើម ឧបត្ថម្ភថវិកា៦លាន ទូទាត់ថ្លៃជំពាក់ការសាងសង់, ជូនតាជី យាយជី១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា៥ពាន់រៀល, ជូនសិស្សានុសិស្ស៥០០នាក់ ក្នុងម្នាក់ៗ សៀវភៅ១ក្បាល និងប៊ិច២ដើម ព្រមទាំងបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ស្ត្រីឆ្លងទន្លេ នៅមណ្ឌលសុខភាពប្រម៉ោយ ទៅតាមទម្លាប់ផងដែរ៕