(ព្រៃវែង)៖ កម្លាំងនគរបាលមូលដ្ឋានស្រុកបាភ្នំ និងស្រុកព្រះស្តេច ខេត្តព្រៃវែង បានបើកប្រតិបត្តិការដេញបង្ក្រាបក្រុមចោរលួចរថយន្តចំនួន២នាក់ ដែលធ្វើសកម្មភាពចេញពីភ្នំពេញ រហូតមានការផ្ទុះអាវុធ បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

ហេតុការណ៍មួយនេះ បានកើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះថា ពិតជាមានករណីនេះកើតឡើងមែន ដោយកម្លាំងនគរបាលរបស់លោក បានចេញបង្ក្រាបក្រុមចោរ រហូតមានការផ្ទុះអាវុធ ខណៈដែលក្រុមចោរមិនព្រមឲ្យចាប់ខ្លួន និងបន្តបើកឡានរត់គេច។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុនពេលកើតហេតុមានករណីលួចរថយន្តពីរាជធានីភ្នំពេញ ស្រាប់តែពេលនោះម្ចាស់រថយន្ត ដែលស្គាល់នាយនគរបាលប៉ុស្តិ៍ឈើកាច់ ក៏បានទូរស័ព្ទ ប្រាប់។ លោកថា ខណៈកម្លាំងរបស់លោក រួមជាមួយកម្លាំងអាវុធហត្ថផងដែរនោះ បានដេញពីក្រោយ រហូតរថយន្តដាក់ពាំង ប៉ុន្តែជនសង្ស័យមិនព្រមឈប់ ថែមចង់បំបុកកម្លាំងទៀត ក៏មានការផ្ទុះ អាវុធបណ្តាលឲ្យត្រូវជនសង្ស័យម្នាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈម្នាក់រងរបួសស្រាល។​

ចំពោះហេតុការណ៍ផ្ទុះអាវុធនេះ​ លោកឧត្តមសេនីយ៍ត្រីស្នងការ​ បានបញ្ជាក់ថា​ លោកបាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះផងដែរ។

សេចក្តីរាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបង្ហាញថា មន្រ្តីនគរបាលដែលផ្ទុះអាវុធចំជនសង្ស័យនោះមានឈ្មោះ ជឹម រតនៈ អធិការរងនគរបាលស្រុកព្រះស្តេច ដែលគេដឹងថា ជាកូនប្រុសរបស់ឧកញ៉ា ជឹម សុខ ខាងរកស៊ីគោ-ក្របីដ៏ល្បីមួយរូប។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅមុនពេលឈានដល់ការបង្ក្រាបចោរលួចរថយន្តនេះមានឈ្មោះផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលរថយន្តនៅភ្នំពេញ បានទូរសព្ទ័មកប្ដឹងថា មានចោរលួចឡានពីភ្នំពេញ តាមផ្លូវជាតិលេខ១ កាត់តាមកំពង់សឹង ស្រុកព្រះស្តេច។

ពេលឃើញរថយន្តដូចដែលមានភិនភាគខាងលើបើកមក ដល់ចំណុចគល់ស្ពានអ្នកលឿងត្រោយខាងកើត ចោរបានបើកបត់ទៅផ្លូវជាតិលេខ១១ ហើយឈ្មោះ ផាន់ សុឌី បានរាយការណ៍ជូនសមត្ថកិច្ច ប៉ូលិស ប៉េអឹមស្ទាក់តាមផ្លូវមកស្រុកបាភ្នំ ក៏ឃើញហើយដេញតាមក្រោយ។ លុះមកដល់ចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ រថយន្តក្រុមចោរបានគេចពី រថយន្ដសម្ថកិច្ចដាក់ពាំងផ្លូវ។

ភ្លាមនោះសមត្ថកិច្ច ក៏ផ្ទុះអាវុធ៣ទៅ៤គ្រាប់ ហើយក្នុងពេលកំពង់ប្រត្តិបត្តិការ សមត្ថកិច្ចក៏ចាប់បានជនសង្ស័យពីរនាក់ម្នាក់ឈ្មោះ វ៉ាន ខេមរិន អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងម្នាក់ទៀតរងរបួសក្បាល រួចសមត្ថកិច្ចក៏បានបញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យស្រុកបាភ្នំ តែក៏បានស្លាប់តែម្តង។

បើតាមលោកស្នងការ នៅពេលនេះសម្រាប់ជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួនបាននោះ កំពុងចាត់ការតាមនីតិវិធី៕