(កោះកុង)៖ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានចោទលោក ឡេង សារិន នាយកសាលាចំណេះដឹងទូទៅកម្ពុជបុត្រថា បានប្រើអំពើហិង្សាលើកូនស្រីរបស់គាត់ជាំពេញកំប៉េះគូថ និងគំរាមចាក់ភ្នែកទៀត ដោយគ្រាន់តែគុណលេងមិនត្រូវ។
នាយកសាលារូបនេះ បានព្យាយាមធ្វើការសម្របសម្រួលក្នុងថវិកា៤០០ដុល្លារ ដើម្បីបញ្ចប់បញ្ហាតែត្រូវក្រុមគ្រួសារក្មេងស្រីរងគ្រោះបដិសេធ ហើយកាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដើម្បីធ្វើដោះស្រាយទៅតាមនីតិវិធីច្បាប់។
ក្មេងស្រីរងគ្រោះឈ្មោះ ឡេង លីហ្សា អាយុ៧ឆ្នាំ ជាសិស្សថ្នាក់ទី២ នៃសាលាចំណេះដឹងទូទៅកម្ពុជបុត្រ គឺជាសាលាឯកជន។ ឪពុកក្មេងស្រីរងគ្រោះលោក ងួន ប៊ុនឡេង រីឯម្តាយអ្នកស្រី ផាន់ លាងហេង មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះថា ដំបូងឡើយគាត់បានហៅកូនស្រីមកញាំបាយ តែកូនស្រីគាត់អង្គុយខុសពីប្រក្រតី ពេលនោះគាត់មានការងឿយឆ្ងល់ រួចគាត់ក៏បានសួរនាំបន្តរហូតកូនស្រីគាត់ប្រាប់ថា នាយកសាលាវ៉ៃកំប៉េះគូថកូនឈឺខ្លាំងអង្គុយអត់កើតទេ។
ស្រ្តីជាម្តាយក៏បង្ខំចិត្តមើលកំប៉េះគូថកូនស្រីជាំពេញគូថ ធ្វើឲ្យគាត់ខឹងខ្លាំង ហើយសួរនាំបន្ថែមពីមូលហេតុ នៃការវ៉ៃរបស់នាយកសាលាកូនស្រីគាត់ឆ្លើយថា នាយកសាលាឲ្យគុណលេខហើយគុណខុស ទើបយករំព័ត្រវ៉ៃតែម្តងហើយគំរាមចាក់ភ្នែកទៀត។
ម្តាយក្មេងស្រីរងគ្រោះ បានបន្ថែមថា ថ្ងៃដែលលោកនាយកសាលាវ៉ៃនេះ ដោយគ្រូបង្រៀនប្រចាំថ្នាក់រវល់មិនបានមកបង្រៀន ហើយនាយកសាលាចូលបង្រៀនជំនួស។ គាត់ឲ្យសិស្សសូត្រលេខគុណ កូនស្រីធ្វើខុសវ៉ៃតែម្តង ហើយមិនត្រឹមវ៉ៃកូនស្រីគាត់ប៉ុណ្ណោះទេ មានសិស្ស៨នាក់ទៀតដែលនាយកសាលាវ៉ៃ។
ក្រោយពីដឹងកំហុស លោកនាយកសាលា ឡេង សារិន និងប្រពន្ធបានមកដល់ផ្ទះគាត់ ហើយសុំធ្វើការសម្របសម្រួល ដើម្បីបញ្ចប់នៅទឹកប្រាក់១លានរៀល តែគាត់មិនព្រម ហើយក៏មកលើកទី២ ជូនទឹកប្រាក់៤០០ដុល្លារ តែដោយឃើញកូនស្រី មានការឈឺចាប់ពេក គាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដងទង់ ដើម្បីច្បាប់ជួយរកយុត្តិធម៌ជូនកូនស្រីគាត់។
លោក សេង សុទ្ធី អនុប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តកោះកុង បានបញ្ជាក់ថា លោកបានទទួលព័ត៌មានពីករណីនេះហើយ។ លោកនឹងចាត់តាំងគណៈកម្មការចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
លោកបានបន្ថែមថា ការប្រើប្រាស់អំពើហិង្សាទៅលើកូនសិស្សតាមសាលាទាំងសាលារដ្ឋ ទាំងសាលាឯកជន ត្រូវរាជរដ្ឋាភិបាលលុបបំបាត់ចោលមិនឲ្យ មាននោះទេ ដូចជាលោកនាយកខាងលើ ប្រព្រឹត្តខុសពីក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអបរំ ហើយនឹងវិធានការតាមរយៈចេញលិខិតព្រមាន ឬផ្អាកដំណើរការបណ្តោះអាសន្តសិន៕