(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ បានបន្ដបើកវេទិកាសាធារណៈ ជាមួយតំណាងប្រជាពលរដ្ឋរស់នៅឃុំសំពងជ័យ ស្រុកជើងព្រៃជិត២០០នាក់។ ពិធីនេះ រៀបចំធ្វើឡើងនៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

វេទិកានេះ រៀបចំធ្វើឡើងដើម្បីប្រមូលរាល់សេចក្តីត្រូវការ សំណូមពរ ក៏ដូចជា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ មកពិនិត្យលទ្ធភាពដោះស្រាយជូន ពិសេសបញ្ហាខ្វះខាតទឹកប្រើប្រាស់ ក្នុងរដូវប្រាំងនេះ និងជាពិសេសការសង់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះសំបែងសមរម្យ។

លោកបណ្ឌិត ម៉ា ឈឿន បានឲ្យដឹងថា គោលបំណង នៃវេទិកាសាធារណៈនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានលើកឡើងនូវសេចក្តីត្រូវការរបស់ខ្លូន ក៏ជាសំណូមពរ និងបានលើកឡើងនូវបញ្ហាប្រឈមក្នុងមូលដ្ឋានរបស់ខ្លូន ដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាល្បែងស៊ីសង់ គ្រឿងញៀន និងអំពើចោរកម្មជាដើម។

តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះ បានបន្ថែមទៀតថា ពិសេសការផ្តល់សេវារបស់អាជ្ញាធរមូលដ្ឋានជូនបងប្អូន ប្រជាពលរដ្ឋ មានទាំងសេវាចាំបាច់ ក៏ដូចជា សេវាតម្រូវការ ជូនបងប្អូនប្រជាពលរដ្ឋ ថាតើទាន់ពេលវេលាដែរឬទេ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំសំពងជ័យខាងលើនេះ បានឲ្យដឹងថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាល្បែងស៊ីសង គ្រឿងញៀន និងអំពើចោរកម្ម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ រួមទាំងការផ្តល់សេវារបស់អាជ្ញាធរមូលដ្ឋាន។

ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋ មានតម្រូវការចាំបាច់នាពេលនេះ គឺបានស្នើសុំ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្ត និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែនដី ជួយដោះស្រាយ រួមមាន៖ ជួយជួសជុលផ្លូវលំជនបទ និងការស្ដារប្រឡាយទឹក នៅក្នុងភូមិមួយចំនួន ក្នុងឃុំសំពងជ័យ ព្រមទាំងតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃ។

ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋខាងលើនេះ លោកបណ្ឌិត ម៉ា ឈឿន សម្រេចជួយជួសជុលផ្លូវលំជនបទ និងស្ដារប្រឡាយទឹកមួយចំនួន តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែក មួយចំនួនទៀត ស្ថិតនៅក្នុងគម្រោង អភិវឌ្ឍន៍របស់ខេត្ត និងឃុំ។

ទន្ទឹមនេះ ឆ្លើយតបការស្នើសុំទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដោយតំបន់នេះ ខ្វះប្រភពទឹកស្អាតប្រើប្រាស់ លោកបណ្ឌិត ម៉ា ឈឿន បានសម្រេចផ្តល់ជូនអណ្តូងទឹកខ្នាតធំមួយ ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំសំពងជ័យ ស្រុកជើងព្រៃ សម្រាប់ប្រើប្រាស់ជាសម្បត្តិរួមផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ា ឈឿន ក៏បានក្រើនរំលឹកដល់អាជ្ញាធរ ដែនដី និងសមត្ថកិច្ចគ្រប់ប្រភេទ សូមបន្តយកចិត្តទុកដាក់អនុវត្តន៍ នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លូន៕