(ភ្នំពេញ)៖ នៅក្នុងវិស័យការងារ កម្មករនិយោជិត និងនិយោជក គឺជាតួអង្គចម្បង ដែលមានទំនាក់ទំនងការងារជាមួយគ្នា និងទទួលបាននូវអត្ថប្រយោជន៍រៀងៗខ្លួន។ ជាការពិតនៅក្នុងទំនាក់ទំនងការងាររវាងកម្មករនិយោជិត និងនិយោជក សុទ្ធតែមានសិទ្ធិ និងករណីយកិច្ចចំពោះគ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើមានភាគីណាមួយបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងករណីយកិច្ច ក៏ដូចជាផលប្រយោជន៍ដល់ភាគីម្ខាងទៀត នោះបញ្ហាប្រឈមនឹងកើតមានឡើង ។
បច្ចុប្បន្ននេះ យើងឃើញថា នៅពេលដែលមានបញ្ហាណាមួយកើតឡើង ដែលប៉ះពាល់ដល់ផលប្រយោជន៍ របស់កម្មករនិយោជិតនោះ តែងតែមានអង្គការវិជ្ជាជីវៈមួយ ដែលគេហៅថា «សហជីព» បានធ្វើការរកដំណោះស្រាយជូនកម្មករនិយោជិត ក្នុងនាមជាការតំណាង។ ដូចនេះ តើអ្វីទៅជា សហជីព ? តើសហជីពមានតួនាទី និងភារកិច្ចអ្វីខ្លះ ?
ដើម្បីយល់ឲ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សហជីព» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖
យោងតាមមាត្រា៤ នៃច្បាប់ស្ដីពីសហជីព ឲ្យនិយមន័យថា៖ សហជីព គឺជាអង្គការរវិជ្ជាជីវៈដែលសំដៅដល់ការរួបរួមគ្នា ដែលបង្កើតឡើងដោយកម្មករនិយោជិត ជាក្រុម ជាពួកដោយការរួបរួមគ្នា និងដោយស្ម័គ្រចិត្ត សំដៅសហការគ្នាធ្វើសកម្មភាព ឬអភិវឌ្ឍនីតិក្រមផ្ទាល់ខ្លួន ដើម្បីសម្រេចទិសដៅ ឬគោលបំណងជាក់លាក់នៃវិជ្ជាជីវៈ។ តាមន័យនៃច្បាប់នេះ អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ត្រូវបានគេហៅថា «សហជីព» ។
គេក៏អាចឲ្យនិយមន័យសាមញ្ញថា សហជីពជាកម្លាំងចលករមួយដែលអាចនាំឲ្យកម្មករចេះតស៊ូមតិទាមទារលក្ខខណ្ឌ ការងារពីនិយោជក ឲ្យគោរពសិទ្ធិកម្មករនិយោជិត ស្របទៅតាមច្បាប់ស្ដីពីការងារ ជាពិសេសនោះគឺរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្ដីពីការងារ ក៏ដូចជាច្បាប់ស្ដីពីសហជីព សុទ្ធតែបានកំណត់អំពីសេរីភាពក្នុងការបង្កើតសហជីព ដែលក្នុងនោះរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងមានសិទ្ធិចូលរួមជាសមាជិកសហជីពនោះ។
ចំណែកឯច្បាប់ការងារវិញ ក៏បានចែងថា កម្មករនិយោជិតទាំងអស់ ដោយមិនគិតពីអាយុ ភេទសញ្ជាតិមានសេរីភាព ក្នុងការចូលជាសមាជិកនៃ សហជីពវិជ្ជាជីវៈតាមការជ្រើសរើសរបស់ខ្លួន។ សមាជិកសហជីពមានសេរីភាពក្នុងការជ្រើសរើសតំណាងរបស់ ខ្លួនក៏ដូចជាធ្វើការកំណត់ នូវការងាររបស់ខ្លួន បានផងដែរ។ ពួកគេមានសិទ្ធិកំណត់នូវលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងកំណត់នូវបទប្បញ្ញត្តិរដ្ឋបាលដោយឡែកស្របច្បាប់ និងមិនត្រូវផ្ទុយពីបញ្ញត្តិច្បាប់ជាធរមាន ឬផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈឡើយ។
រចនាសម្ព័ន្ធរបស់សហជីព នៅព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជា ០៣ (បី)គឺ៖
សហជីពមូលដ្ឋាន គឺសហជីពដែលត្រូវបានបង្កើតឡើងដោយកម្មករនិយោជិតក្នុងសហគ្រាស ឬគ្រឹះស្ថានមូលដ្ឋាននោះ ដែលមានសមាជិកចំនួនយ៉ាងតិច ១០ (ដប់)នាក់ ។
សហព័ន្ធសហជីព ត្រូវបានបង្កើតឡើងដោយសហជីពមូលដ្ឋានដែលមានបញ្ជិកាចំនួនយ៉ាងតិច ០៧ (ប្រាំពីរ) ។
សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីព ត្រូវបានបង្កើតឡើងដោយសហព័ន្ធសហជីព ដែលមានបញ្ជិកា យ៉ាងតិចចំនួន ០៥ (ប្រាំ) ។
ដើម្បីទទួលបានបុគ្គលភាពគតិយុត្តជានីតិបុគ្គលស្របតាមច្បាប់ សហជីពត្រូវតែចុះបញ្ជីស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលច្បាប់ទទួលស្គាល់សហជីពមួយថាត្រឹមត្រូវស្របតាមច្បាប់ហើយ នោះវាក៏បានបង្កើតនូវសិទ្ធិ និងករណីយកិច្ចដល់សហជីពនោះផងដែរ។
ជាទូទៅដើម្បីឲ្យសហជីពមួយមានសកម្មភាពទៅមុខបានល្អ សមាជិករបស់សហជីពនោះ តែងតែរៀបចំឲ្យមាននូវ ការបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហជីពនោះ។ លើសពីនេះច្បាប់ក៏ផ្ដល់សិទ្ធិឲ្យ សមាជិកសហជីព ទាំងអស់អាចមាន សិទ្ធិឈរឈ្មោះជាបេក្ខភាព ឲ្យគេបោះឆ្នោតជ្រើសរើសបានផងដែរ។
សហជីពអាចធ្វើជាតំណាងឲ្យកម្មកររបស់ខ្លួន ដើម្បីធ្វើការទំនាក់ទំនង ជាមួយនិយោជក ។ សហជីពមានករណីយកិច្ចដូចជា ធ្វើការចរចាដោយស្មោះត្រង់ ជាមួយនិយោជក ក្នុងគោលបំណងស្វែងរក ការព្រមព្រៀងដ៏ជាក់លាក់មួយរវាងកម្មករនិយោជិត និងនិយោជក ដែលផ្ដោតទៅលើលក្ខខណ្ឌការងារ អនាម័យសន្តិសុខការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត ។
និយាយជារួម សហជីពគឺជានីតិបុគ្គល ដែលមានតួនាទីក្នុងការតំណាងឲ្យកម្មករនិយោជិត ក្នុងការចរចាជាមួយនិយោជក ដើម្បីរកដំណោះស្រាយទៅលើបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាឈានទៅរកការព្រមព្រៀងគ្នារវាងកម្មករនិយោជិត និងនិយោជកផងដែរ ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕