(ភ្នំពេញ)៖ ប្រធាន អនុប្រធាន ក្រុមការងារបោះឆ្នោត ប្រធាន អនុប្រធាន គណៈកម្មាធិការប្រតិបត្តិខេត្ត ក្រុង ស្រុក នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ខេត្តក្រចេះ បានសរសេរលិខិតមួយ បដិសេធមិនទទួលស្គាល់ ការឡាយព្រះហស្ថលេខារបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាមគណបក្សហ្វ៊ុនស៊ិនប៉ិចនោះឡើយ។
ក្នុងលិខិតរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋានខេត្តក្រចេះ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា រាល់ការឡាយព្រះហស្ថលេខា របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច កន្លងមកពុំត្រឹមត្រូវតាមនីតិវិធីនៃច្បាប់គណបក្សនយោបាយទេ។ គណបក្សហ៊្វុនស៊ិនប៉ិច មានលក្ខន្តិកៈ តម្កល់ទុកក្នុងក្រសួងមហាផ្ទៃ។
លិខិតនេះបានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់មិនត្រូវប្រើអំណាចជា រាជបុត្រ ឬ រាជវង្ស បំពានលក្ខន្តិកៈ មិនគោរពតាមការណែនាំរបស់ ក្រសួងមហាផ្ទៃ មករំលាយរចនាសម្ព័ន្ធ ដែលតែងតាំងដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកន្លងមក។
ថ្នាក់ដឹកនាំនៅមូលដ្ឋានខេត្តក្រចេះ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ទៀតថា «ថ្នាក់ដឹកនាំមូលដ្ឋានកន្លងមក បានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារ រាជានិយមហ៊្វុនស៊ិនប៉ិច មិនដែលត្អូញត្អែម្ដងណាឡើយប្រសិនបើ ព្រះអង្គម្ចាស់ មានបំណង បន្តថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ជាកេរ្តិ៍តំណែលរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួត ដែល សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថែរក្សាកន្លងមក សូមព្រះអង្គម្ចាស់ គួរតែគោរពច្បាប់ និងលក្ខន្តិកៈរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានហើយបន្ត ប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម និងអ្នក រណឫទ្ធិនិយម ជាធ្លុងមួយ ដើម្បីជាប្រយោជន៍ គណបក្សនិងសុំព្រះអង្គម្ចាស់ ឈប់ជឿលើមនុស្ស បួនឬប្រាំនាក់ ដែលនៅជុំវិញ ព្រះអង្គម្ចាស់ តែងឆ្កឹះឆ្កៀលលាបពណ៌ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ម្យ៉ាងទៀតទូលបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំមូលដ្ឋាន នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំតាមព្រះរាជតម្រិះរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជានិច្ច ដើម្បីឱ្យគណបក្សរាជានិយមមួយនេះ មានសក្តានុពលខ្លាំងក្លា បន្ថែមទៀត»។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានសេចក្តីសម្រេចមួយ តែងតាំងបុត្ររបស់ព្រះអង្គ១រូប គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច៕