(កណ្ដាល)៖ ប្រឡាយយាយប៊ូរ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋអះអាងថា កំពុងរងការឈូសឆាយ និងវាទយកយ៉ាងកងរំពងពេញផ្ទៃបឹង ដោយឈ្មួញមានអំណាចដែលជាអ្នករកស៊ីដីធ្លី ហើយអ្នកខ្លះថា ឈ្មួញមានងារជាឧកញ៉ាថែមទៀតផង។
កសិករដែលរំពឹងទឹកបន្ដិចបន្តួចនៅប្រឡាយយាយប៊ូរ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩មក គេឃើញមានគ្រឿងចក្រធុនធំ៤គ្រឿង ត្រូវបានគេយកដាក់នៅចំណុចខាងលើ ដើម្បីធ្វើការឈួសឆាយ ដែលហើយអាចធ្វើឲ្យមានការប៉ះពាល់ដល់ប្រឡាយ និងបឹងដែលពួកគាត់ទប់ដើម្បីយកទឹកធ្វើស្រែចំការគ្រាន់ចិញ្ចឹមក្រពះនោះ។
ក្រៅពីការព្រួយបារម្ភហើយ ប្រជាកសិករបានលើកឡើង ដោយសម្ដែងងឿងឆ្ងល់ថា មិនដឹងថា អាជ្ញាធរមូលដ្ឋាន ដឹងឬធ្វើមិនដឹងនោះទេលើបញ្ហានេះ ដែលបណ្ដែតបណ្ដោយឲ្យឈ្មួញ ឈួសឆាយតាមចិត្តយ៉ាងដូច្នេះ ព្រោះថា កន្លងមកមានការស្នើសុំដាក់គ្រឿងចក្រដើម្បីឈូយឆាយធ្វើព្រំដីរបស់ម្ចាស់នៅតំបន់នោះ តែត្រូវបានអាជ្ញាធរហាមឃាត់ ប៉ុន្ដែលើកនេះបែរជាអនុញ្ញាត ឲ្យឈ្មួញធ្វើសកម្មភាពតាមចិត្តទៅវិញ។
សម្រាប់ករណីនេះ អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជាការពិតគឺមានក្រុមហ៊ុនឯកជនមួយ បាននិងកំពុងយកគ្រឿងចក្រ មកឈូសឆាយមែន ប៉ុន្តែក្រុមហ៊ុនមានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី។ លោក អ៊ូ ឈាង បានបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនមានលិខិតពីក្រសួងក៏ដោយ ប៉ុន្តែក្រុមមួយនេះ មិនបានដាក់លិខិតមករដ្ឋបាលស្រុក ដើម្បីសុំកិច្ចសហការលើការឈូសឆាយតម្រង់ព្រំដី ដែលមានទំហំរហូតដល់៨៧០ហិកតានោះឡើយ។
លោកថា ក្រោយមានព័ត៌មាននេះភ្លាម លោកបានចាត់បញ្ជូនមន្រ្តីរបស់ខ្លួនចុះទៅពិនិត្យនៅទីតាំងលើ ដើម្បីឲ្យក្រុមហ៊ុនបង្ហាញលិខិតស្នាមផ្សេងៗ តែក្រុមហ៊ុនមានលិខិតពីក្រសួង។ លោកអភិបាលស្រុកបានបន្តទៀតថា ចំពោះលិខិតពីក្រសួង ខាងរដ្ឋបាលស្រុកត្រូវតែគោរព មិនអាចប្រឆំាំងបានទេ ប៉ុន្តែយើងសុំឲ្យខាងក្រុមហ៊ុន គួរមានគោលការណ៍បន្តពីអភិបាលខេត្ត ដើម្បីអនុវត្តការងារថែមទៀត។
អភិបាលស្រុកកៀនស្វាយ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយណាដែលត្រូវក្រុមហ៊ុនឈូសឆាយ ប៉ះពាល់ដីធ្លីនោះ សូមដាក់ពាក្យបណ្តឹងមកខាងរដ្ឋបាល ដើម្បីចាត់ការ និងដោះស្រាយជូន ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានពាក្យបណ្តឹងណាមួយនោះទេ។ សម្រាប់ក្រុមហ៊ុនឯកជនមួយនេះ ជាគោលការណ៍បើមិនសុំកិច្ចសហការជាមួយរដ្ឋបាលស្រុកនោះ មន្រ្តីរបស់ត្រូវសុំឲ្យឈប់សកម្មភាពសិន រង់ចាំការណែនាំបន្តទៀត។
ចំពោះបញ្ហានេះ ពលរដ្ឋអះអាងបន្ថែមថា កាលពីពេលកន្លងទៅ ក៏មានការដាក់ពាក្យស្នើសុំធ្វើការឈួសឆាយវាស់ព្រំដីដែរ ប៉ុន្ដែមិនត្រូវបានអាជ្ញាធរ ឬអភិបាលខេត្តអនុញ្ញាតឡើយ ព្រោះថា តំបន់នេះជាដីបឹងរបស់រដ្ឋដែលមិនឲ្យជនណាម្នាក់ប៉ះពាល់ឡើយ ដូច្នេះគេមិនដឹងថា ករណីនេះមានការបើកដៃពីមន្រ្តីខាងណានោះទេ ដែលអាចឲ្យឈ្មួញយកគ្រឿងចក្រ មកឈួសឆាយយ៉ាងកងរំពងពេញផ្ទៃបឹងយ៉ាងរំភើយបែបនេះ៕