(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការមែនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ នៅចុងសប្តាហ៍នេះ បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯក ស៊ីធីពុល នឹមនួន ( SITIPOL NIMNUAN ) អគ្គនាយក នៃមជ្ឈមណ្ឌលកំចាត់មីនថៃ (TMAC ) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅអគារវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដែលលោក និងសហការីអញ្ជើញមកបំពេញការងារជាផ្លូវការ និងមិត្តភាពនៅកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើង ដោយមជ្ឈមណ្ឌលអាស៊ានសំរាប់កម្មភាពមីន (ARMAC ) នៅកម្ពុជា។
ក្នុងជំនួបនាពេលនោះ ទេសរដ្ឋមន្រ្តី មាស សុភា ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ករីករាយបំផុត ចំពោះដំណើរបំពេញការងាររបស់ឧត្តមសេនីយ៍ឯក ស៊ីធីពល នឹមនួន និងសហការីនៅលើទឹកដីកម្ពុជានាពេលនេះ ដោយទេសរដ្ឋមន្រ្តី បានចាត់ទុកថា តាមរយៈនៃដំណើរទស្សនកិច្ចការងាររបស់ឧត្តមសេនីយ៍ឯក ស៊ីធីពុល នឹមនួន នៅកម្ពុជាលើកនេះ នឹងកាន់តែពង្រឹងពង្រីកបានថែមទៀត នូវចំណងទាក់ទងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងទ័ពកងកម្លាំងសកម្មភាពកំចាត់មីន ប្រទេសទាំងពីរ កម្ពុជា-ថៃ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រឹងពង្រីកបានកាន់តែជិតស្និទ្ធ។
នាយឧត្តមសេនីយ៍ ក៏បានជម្រាបជូនឧត្តមសេនីយ៍ ស៊ីធីពុល នឹមនួន ថា នៅកម្ពុជាមានអង្គការប្រតិបត្តិករ ក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពជួយបោសសំអាតមីនជាច្រើន ដែលក្នុងនោះមាន អង្គការហេឡូត្រឹស HELO TRUS, អង្គការម៉េក MAG និងអង្គការ អិន ភី អេ NPA។ ដោយឡែក អង្គភាពកំចាត់មីន ដែលរាជរដ្ឋាភិបាលបានបង្កើតមានអាជ្ញាធរមីនកម្ពុជា ដែលជាយន្តការដឹកនាំ និងគ្រប់គ្រង និងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស៊ីម៉ាក់ CMAC ជាអង្គភាពប្រតិបត្តិករ។
ទេសរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវទៀតថា អង្គភាពស៊ីម៉ាក់បានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយបានបើកកិច្ចប្រតិបត្តិការបោសសម្អាតមីនចាប់ពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន។ ទេសរដ្ឋមន្ត្រីរំលឹកថា តាមពិតទៅ មានតែប្រទេសកម្ពុជាទេ ដែលមានអង្គការអង្គភាពកំចាត់មីនក្នុងស្ថាប័នរដ្ឋ សម្រាប់ប្រទេសផ្សេងៗ កងកំលាំងបោសសំអាតមីន គឺនៅក្នុងស្ថាប័នកងទ័ពគ្រប់គ្រង ដោយកងទ័ពធ្វើសកម្មភាពកំចាត់មីនដោយកងទ័ព។ ប៉ុន្តែនៅកម្ពុជាប្រទេសផ្ដល់ជំនួយក្នុងសកម្មភាពមីន មិនអាចផ្ដល់ជំនួយដល់កងយោធាបានឡើយ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាល បង្កើតនូវអង្គភាពនេះឡើង ដើម្បីធ្វើសកម្មភាពកំចាត់មីននៅលើទឹកដីកម្ពុជា ដែលបន្សល់ដោយសង្គ្រាមតាមរយៈ នៃការទទួលជំនួយពីបណ្ដាប្រទេសផ្សេងៗនៅលើសកលលោក។
ឧត្តមសេនីយ៍ឯក ស៊ីធីពុល នឹមនួន ជំនួសមុខឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងកងទ័ពភូមិន្ទថៃ បានសំដែងនូវអំណរគុណចំពោះទេសរដ្ឋមន្រ្តី មាស សុភា ដែលបានផ្ដល់នូវពេលវេលាដ៏មានតម្លៃអនុញ្ញាត ឱ្យក្រុមប្រតិភូនៃមជ្ឈមណ្ឌលកំចាត់មីនថៃ TMAC បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារក្នុងន័យមួយពង្រឹង ពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលកំចាត់មីនថៃ TMAC ជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC ឲ្យកាន់តែមានភាពជិតស្និទ្ធ។
លោក ស៊ីធីពុល នឹមនួន បានជម្រាបជូនទេសរដ្ឋមន្ត្រីថា រូបលោកធ្លាប់បំពេញបេសកកម្មជាសេនានុព័ន្ធយោធារបស់ព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា នាពេលកន្លងមក ប៉ុន្តែបច្ចុប្បន្ននេះរូបលោក ត្រូវបានប្រមុខកងទ័ពភូមិន្ទថៃ តែងតាំងក្នុងមុខងារថ្មីជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ថៃ TMAC។
ក្នុងការងារនេះ លោក ស៊ីធីពុល នឹមនួន បានស្នើដល់ទេសរដ្ឋមន្ត្រី ដើម្បីបានបង្កើនកិច្ចសហប្រតិបត្តិការ និងបានផ្លាស់ប្តូរបទពិសោធន៍ លើការងារដោះបំផ្លាញមីនជាមួយនឹងអង្គភាពកំចាត់មីនកម្ពុជា ក្នុងការរួមគ្នាបោកសំអាតមីននៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ពាក់ព័ន្ធដល់ចំណុចនេះ នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ជូនឧត្តមសេនីយ៍ឯក ស៊ីធីពុល នឹមនួន ថា រឿងបញ្ហារួមគ្នាបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ ធ្វើទៅបាន លុះត្រាណា រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ មានការកំណត់ព្រំដែនជាក់លាក់ ពិតប្រាកដមួយពីរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ប៉ុន្តែយើងអាចរួមគ្នាបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទៅបាននៅតំបន់ព្រំដែនដែលត្រូវការអភិវឌ្ឍន៍ ដែលមានការយល់ព្រមពីរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
ទេសរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ស៊ីម៉ាក់គ្រាន់តែជាប្រតិបត្តិករ ដែលទទួលភារកិច្ចធ្វើការបោសសម្អាតមីននៅតំបន់ចំការមីន ដែលយើងដឹង ដែលយើងស្គាល់តែប៉ុណ្ណោះ រីឯតំបន់ព្រំដែន ឬតំបន់មិនទាន់កំណត់ជាចំការមីន យើងនឹងបន្តសិក្សាស្រាវជ្រាវ ពីប្រជាជន ឬអ្នកណាដឹង ពីទីតាំងដែលមានមីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធ្វើការបោសសម្អាតបន្ត លុះណាផ្ទៃ ដីនៅកម្ពុជាអស់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បញ្ហាគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់កាលពីសម័យសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា គឺជាហានិភ័យខ្លាំងបំផុតសម្រាប់ប្រជាជនកម្ពុជា និងជនរងគ្រោះទាំងឡាយរបស់កម្ពុជា ហើយគ្រាប់មីននិងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមនៅកម្ពុជាភាគច្រើននៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាប់ជាមួយប្រទេសថៃ។
ទេសរដ្ឋមន្រ្តី មាស សុភា បានបញ្ជាក់ទៀតថា រវាងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស៊ីម៉ាក់ ជាមួយនិងមជ្ឈមណ្ឌលកំចាត់មីនថៃ យើងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នាបោកសំអាតមីន ទៅតាមអ្វី ដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរសម្រេច។ លោកក៏បានរំលឹកដែរថា កម្ពុជាធ្លាប់ជួយបង្វឹកដល់ប្រទេសនានាជាច្រើន លើការងារបោកសំអាតមីននេះ ព្រោះកើតកម្ពុជាបានបញ្ជូនកង កម្លាំងរបស់ខ្លួន លើការងាររបស់ម៉ានីទៅជួយដល់បណ្ដាប្រទេសនានា ជាលក្ខណៈមនុស្សធម៌ ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។
លោកក៏បានសម្ដែងនូវការអរគុណផងដែរ ដល់រាជរដ្ឋាភិបាលថៃ ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់គ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសកងយុទ្ធពលខេមរភូមិន្ទ លើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យនានាជាច្រើន៕