(ភ្នំពេញ)៖ ក្រោយរងបរាជ័យ ៦-០ ក្រោមថ្វីជើងក្រុមខ្លាំង U23 អូស្ដ្រាលី កាលពីយប់ថ្ងៃសុក្រកន្លងទៅ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមខ្លាំងទៀតហើយ គឺក្រុម U23 សាធារណរដ្ឋកូរ៉េ នាវេលាម៉ោង ៨៖០០នាទីយប់នេះ ដែលជាប្រកួតទី២ ក្នុងពូល H នៃពានរង្វាន់ AFC U23 Championship 2020 នៅលើទីលានពហុកីឡដ្ឋានជាតិ ។
ការប្រកួតដ៏សំខាន់នេះ ក្រុម U23 កម្ពុជា ប្រឈមការងារធ្ងន់កាន់តែខ្លាំង ដោយសារក្រុម U23 សាធារណរដ្ឋកូរ៉េ ទើបតែលត់ក្រុម U23 ឆាយនីសតៃប៉ិ ៨-០ កាលពីថ្មីៗ ។ ដូច្នេះស្របពេលក្រុមគោព្រៃកម្ពុជា កំពុងត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាឱកាសឡើងវគ្គបន្ដ ពួកគេមិនអាចធ្វេសប្រហែសបានឡើយ តែបើបរាជ័យ កម្ពុជានឹងរបូតឱកាសឡើងជុំបន្ដពីពាន ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២០ នេះតែម្ដង ។
បច្ចុប្បន្នក្រុម U23 សាធារណរដ្ឋកូរ៉េ និងក្រុម U23 អូស្ដ្រាលី កំពុងមាន ៣ពិន្ទុស្មើគ្នា ក្រោយទទួលបានជ័យជម្នះពីការប្រកួតដំបូងរៀងៗខ្លួន ក្នុងការប្រកួតជម្រុះពូល H ដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ ។
ល្ងាចនេះ មុនឈានដល់ការជួបគ្នា រវាងក្រុមគោព្រៃជំទង់កម្ពុជាទល់នឹងក្រុមខ្លាំងកូរ៉េ ក្រុមរហស្សនាមកង់ហ្គូរូ ក៏ត្រូវជួបក្រុម U23 ឆាយនីសតៃប៉ិ នាវេលាម៉ោង ៥ល្ងាច ដើម្បីប្រជែង ៣ពិន្ទុបន្ថែមផងដែរ៕