(ភ្នំពេញ)៖ លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី កុំជឿតាមពាក្យញុះញង់ ឬមេខ្យល់ ដែលមកបោកប្រាស់បងប្អូន ឲ្យទៅធ្វើបាតុកម្មនៅមុខរោងចក្រ ជាឆ្នាំងបាយរបស់បងប្អូន ហើយបងប្អូនត្រូវយល់ឲ្យបានច្បាស់ មុននឹងសម្រេចចិត្តទៅធ្វើអ្វីមួយ។ បងប្អូនត្រូវយល់ថា បងប្អូនមានការងារធ្វើ មានរោងចក្រធ្វើក៏ដោយសារតែ គណបក្សប្រជាជនកម្ពុជាជួយកសាង និងការពារសន្តិសុខ សន្តិភាព ជូនបងប្អូនជូនប្រទេសជាតិទាំងមូល និងជួយរកការងារឲ្យបងប្អូន បានធ្វើរហូតមកដល់សព្វថ្ងៃនេះ។
លោកថា «រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចង់ឲ្យក្មួយៗកម្មករទាំងអស់ មានប្រាក់ខែខ្ពស់។ សូមបងប្អូនចាត់ទុកថៅកែរោងជាដៃគូមិនអាចខ្វះបាន រវាងកម្មករ និងថៅកែរោងចក្រ យើងចាប់ដៃគ្នាធ្វើការងារ នោះយើងនឹងមានការរីកចំរើន។ ប៉ុន្តែបើយើងចាំតែចាប់កំហុសគ្នានោះ ការងារយើងពិតជាមិនអាចទទួលបានលទ្ឋផលនោះទេ»។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល, ជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានគណៈចលនាសហជីពរាជធានី បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា សាខាគណបក្ស សហជីពមូលដ្ឋានតាមរោងចក្រនានា ក្នុងខណ្ឌប្ញស្សីកែវ ចំនួន១៥០៦នាក់ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រ ខណ្ឌប្ញស្សីកែវ។
លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌប្ញស្សីកែវ និងជាប្រធានក្រុមការងាកសាងគណបក្ស កសាងអង្គការសហជីពខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ខណ្ឌប្ញស្សីកែវ មានរោងចក្រចំនួន ៨រោងចក្រ ស្មើ១៥០៦នាក់។ ក្រុមការងារគណបក្សកសាងអង្គការសហជីពខណ្ឌប្ញស្សីកែវ ជាផ្នែកមួយចំណុះឲ្យគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខណ្ឌប្ញស្សីកែវ ដែលដឹកនាំដោយប្រធាន ០១នាក់ និងមាន ៧គណៈកម្មាធិការបក្សសង្កាត់ មាន៥២សាខា ២៧៩អនុសាខា និង៤៣៣១ក្រុមបក្ស។
លោក ជា ពិសី បានឱ្យដឹងថា ខណ្ឌឬស្សីកែវ មានរោងចក្រចំនួន៣៦ និងសហគ្រាសចំនួន៣៦១ មានកម្មករសរុបចំនួន ៤៣៩៦៦នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន ៣០៨៦០នាក់។ បច្ចុប្បន្ន ក្នុងចំណោមរោងចក្រទាំង៣៦ យើងបានកសាងសាខាបក្ស ចំនួន៨សាខា បក្សតាមរោងចក្រមានចំនួន ១៥០៦នាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា «បងប្អូនកម្មករ-កម្មការិនីយើង មានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានគិតគូរសុខទុក្ខ និងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេលវេលាតាមរយៈកញ្ចប់អត្ថប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនីយើង ទទួលបានផលប្រយោជន៍រួមទាំងប្រាក់ បៀវត្សរ៍ បានសមរម្យទៀតផង»។
លោក ឃួង ស្រេង បានលើកឡើងថា កន្លងមកតាមរយៈការទទួលជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែ បានប្រកាសអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ដោយឡែកនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោ ប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយ មានប្រាក់ឈ្នួលប្រចាំខែ១៨២ ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យសុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសម្រាលកូនត្រូវឈប់សម្រាក៣ខែ ទទួលប្រាក់១២០ភាគ រយជាដើម។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងថា កន្លងមកតាមរយៈការទទួលជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានប្រកាសអំពីគោល នយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករនិយោជិត។ ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយមានប្រាក់ឈ្នួលប្រចាំខែ ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យសុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសំរាលកូន ត្រូវឈប់សំរាក ៣ខែ ទទួលប្រាក់១២០% ជាដើម ។ល។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូនបងប្អូនកម្មករ-កម្មការិនី ទាំង១៥០៦នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន២ម៉ឺនរៀល៕