(ព្រះសីហនុ)៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា នៅម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ មាននាវាទេសចរណ៍បរទេស ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរកម្សាន្ត រយៈពេលមួយថ្ងៃនៅកម្ពុជា។
មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិខេត្តព្រះសីហនុ បន្តថា នាវាទេសចរណ៍ខាលើនេះ ឈ្មោះ Norwegian Jewel ដែលជានាវាទី២៥ ធ្វើដំណើរមកពីកំពង់ផែ Phu My ប្រទេសវៀតណាម។
មន្ត្រីនគរបាលអន្តោប្រវេសន៍ដដែល ឲ្យដឹងថា នាវាទេសចរណ៍បរទេសនេះ បានដឹកអ្នកដំណើរ ចំនួន ២.៣៦៤នាក់ ក្នុងនោះមានស្រី ១.៣០២នាក់ និងមាននាវិកចំនួន ១.០៦៩នាក់ ស្រី ២៥១នាក់។
នាវាទេសចរណ៍ខ្នាតយក្សនេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៥ល្ងាចថ្ងៃដដែលនេះ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ៕