(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី តំណាងលោក ថង សាវុន អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងទិវាទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ទិវាទីក្រុងស្អាតលើកទី៧ឆ្នាំ២០១៩នេះ មានការចូលរួមកិច្ចសហការរៀបចំពីសាលាក្រុងបានលុង មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត អាជីវករ សិស្សនិស្សិត និងប្រជាពលរដ្ឋចូលរួមជិត២០០០នាក់។

នៅក្នុងពិធីនេះដែរលោក មួង ប៉ាង បានលើកឡើងថា បើយើងចង់ឲ្យមានទីក្រុងស្អាតល្អបាន គឺផ្តើមចេញពីយើងទាំង អស់គ្នាដោយយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្ត រក្សាសម្អាតអនាម័យ បរិស្ថានល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោកអភិបាលរង បានបញ្ជាក់ថា ដើម្បីរក្សាបាននូវជ័យលាភី ជាប់ចំណាត់ថ្នាក់ទទួលពានរង្វាន់ទីក្រុងស្អាត ដូច្នេះយើងទាំងអស់គ្នា នាំគ្នាចូលរួមបន្តជាប្រចាំដោយនាំគ្នាសម្អាតអនាម័យ បរិស្ថាន នៅតាមផ្ទះ ទីកន្លែងសាធារណ:នានា ក្នុងទីក្រុង និងជនបទដើម្បីទទួលបានមកវិញនូវសុខភាពល្អ ទីក្រុងស្អាត និងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា និងឆ្លងកាត់ ហើយបានចូលរួមប្រលងប្រណាំងទីក្រុងស្អាត ពីថ្នាក់ជាតិ និងថ្នាក់តំបន់ផងដែរ។

លោកអភិបាលរងរូបនេះ បានបន្តថា ការចូលរួមសម្អាតអនាម័យបរិស្ថាននេះ ការរស់នៅក្នុងជីវភាពគ្រួសារម្នាក់ៗ យើងបានអនុវត្តជាប្រចាំជាយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាត និងរស់នៅស្អាតយើងគ្រាន់តែបន្តការថែទាំនៅតាមទីសាធារណ:បន្ថែមទៀត ដើម្បីឲ្យទីក្រុងយើងជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តយើងទាំង
អស់គ្នា។

នៅក្នុងឱកាសនោះដែរលោកបានអានសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតជូនអង្គពិធី រួចនាំគ្នាដើររើសសម្រាមសម្អាត ទីក្រុងទាំងអស់គ្នាធ្វើការសម្អាតអនាម័យតាមដងផ្លូវសំខាន់ៗសួនសាធារណៈ ដើម្បីឲ្យទីសាធារណៈក្រុងបានលុងភាពស្រស់បំព្រង៕