(កំពង់ស្ពឺ)៖ ដោយមានការសហការ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងរយៈពេល២ថ្ងៃនេះ សមត្ថកិច្ចចម្រុះបានដកហូតឈើដុល ចម្រុះចំនួន ១២៣កំណាត់ ព្រមទាំងដកហូតម៉ាស៊ីអារឈើមួយចំនួនផងដែរ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដោយកម្លាំចម្រុះគឺកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ស្ថិតនៅទីតាំងលួចអារឈើខុសច្បាប់ ភូមិព្រៃខ្លា ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពេលចុះបង្ក្រាបនោះ កម្លាំងចម្រុះ បានប្រទះឃើញរោងម៉ាស៊ីនអារឈើ០១កន្លែង លួចលាក់អារឈើខុសច្បាប់។ ជាលទ្ធផល ការបង្ក្រាបកម្លាំងបានដកហូតឈើដុល ចំនួន៨៥កំណាត់ ក្នុងនោះ ឈើទាល ៥៣កំណាត់ និងសុក្រំ៣២កំណាត់។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។ ចំណែកម៉ាស៊ីនអារឈើ ត្រូវម្ចាស់ដឹកយកទៅលាក់ រួចម្ចាស់រត់ខ្លួនគេចបាត់ មុនពេលសមត្ថកិច្ចទៅដល់។
ដោយឡែក កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះទៅភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបង្ក្រាបរោងម៉ាស៊ីនអារឈើ ០១កន្លែង ដែលធ្វើអាជីវកម្មអារឈើឲ្យប្រជាពលរដ្ឋយកទៅធ្វើផ្ទះដោយខុសច្បាប់។
ក្រោយពីបង្ក្រាប កម្លាំងដកហូតបាន ម៉ាស៊ីនរ៉ៃ០១គ្រឿង ផ្លែរណា៤ខ្សែ ម៉ូទ័រឆាប០១គ្រឿង ប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋយកទៅរក្សាទុក។ ដោយឡែកឈើដុលចម្រុះចំនួន ៤៣កំណាត់ បានប្រគល់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឈើ ចំណែកម្ចាស់រោងម៉ាស៊ីន ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មបន្តទៀត៕