(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០១៩នេះលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លើយតបនឹងសំនួររបស់អង្គភាព Fresh News ដើម្បីជាការបញ្ជាក់បន្ថែមដល់សាធារណជន ជាពិសេសបងប្អូនកម្មករនិយោជិតឲ្យបានយល់បន្ថែមទៀត ពាក់ព័ន្ធនឹងសេចក្តីណែនាំចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការទូទាត់ «ប្រាក់រំលឹក» ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងថា «ប្រាក់បំណាច់អតីតភាពការងារ ដែលមានចាប់ពីឆ្នាំ២០១៩នេះតទៅ» គឺខុសគ្នាពី (ប្រាក់រំលឹក) ប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។
«ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ គឺមានសម្រាប់តែបងប្អូនកម្មករនិយោជិតណាដែលបានចូលធ្វើការជាមួយរោងចក្រ សហគ្រាសគ្រឹះស្ថាន ណាមួយមុនឆ្នាំ២០១៩ ក្រោមទំរង់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC)។ ដំណាក់កាលដំបូងនេះគឺយើងអនុវត្តតែលើសហគ្រាសគ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងប៉ុណ្ណោះ។
រីឯ «ប្រាក់បំណាច់អតីតភាពការងារថ្មីដែលមានចាប់ពីឆ្នាំ២០១៩តទៅ» គឺមានគ្រប់ចំពោះកម្មករនិយោជិតទាំងថ្មីទាំងចាស់ទាំងអស់ ដែលមានកិច្ចសន្យាការងារជា ទំរង់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC)។ ការអនុវត្តគឺនៅគ្រប់សហគ្រាសគ្រឹះស្ថានទាំងអស់។
ប្រាក់បំណាច់អតីតភាពការងារថ្មី ដែលមានចាប់ពីឆ្នាំ២០១៩នេះតទៅគឺ១ឆ្នាំ មានចំនួន១៥ថ្ងៃ ក្នុងនោះនិយោជកត្រូវទូទាត់ជូនកម្មករនិយោជិតចំនួន ៧.៥ថ្ងៃ នៅក្នុងខែមិថុនា និង ៧.៥ថ្ងៃ នៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។
លោកបានបញ្ជាក់ថា វិស័យវាយនភណ្ឌ សំលៀកបំពាក់ និងផលិតស្បែកជើង តាមការវិភាគរបស់អ្នកសេដ្ឋកិច្ចគឺជាលក្ខណសកលវាមានហានិភ័យខ្ពស់ ការវិនិយោគរបស់រោងចក្រ សហគ្រាសក្នុងវិស័យនេះជាទូទៅមានអចលនទ្រព្យ និងទ្រព្យសកម្មតិច ហើយងាយនឹងចល័តពីប្រទេសមួយទៅប្រទេសមួយ។
ដោយឡែកសម្រាប់ប្រភេទសហគ្រាស គ្រឹះស្ថានវិស័យផ្សេង គឺមានអចលនទ្រព្យ និងទ្រព្យសកម្មរឹងមាំច្រើននៅកម្ពុជា ហើយជាលក្ខណៈសកលគឺគេចាត់ទុកថា ជាវិស័យដែលមិនងាយនឹងចល័តពីប្រទេសមួយទៅប្រទេសមួយដូចវិស័យវាយនភណ្ឌ សំលៀកបំពាក់ និងផលិតស្បែកជើងនោះទេ។ ក្នុងវិស័យនេះកម្មករនិយោជិត ក៏ដូចជារាជរដ្ឋាភិបាលប្រឈមហានិភ័យទាបនឹងភាពបិទទ្វារក្ស័យទុនដោយម្ចាស់រត់ចោល។
ហេតុដូច្នេះហើយទើបការទូទាត់ «ប្រាក់រំលឹក» ប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ របស់វិស័យផ្សេងក្រៅពីវាយនភណ្ឌ សំលៀកបំពាក់ និងផលិតស្បែកជើងត្រូវបានពន្យាពេលដល់ចុងឆ្នាំ២០២១៕