(មណ្ឌលគិរី)៖ កម្លាំងនគរបាលខេត្តមណ្ឌលគិរីជាច្រើននាក់ បានចេញប្រតិបត្តិការភ្លាមៗចុះសួរនាំ និងត្រៀមអន្តរាគមន៍ចុះបង្ក្រាប ក្រោយទទួលបានព័ត៌មានថា មានក្រុមចោរចំនួន៤នាក់ បិទម៉ាស់ជិត បានចូលទៅចាប់ជំរិតប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកពេជ្រាដា ដើម្បីប្លន់យកទ្រព្យសម្បត្តិ។

ក្រោយមានព័ត៌មាននេះ​ និងរហូតមានការបញ្ជូនព័ត៌មានផ្ទាល់ពីអភិបាលខេត្តមណ្ឌលគិរីទៀតនោះ ភ្លាមៗលោក ស្វាយ សំអ៊ាង បានបញ្ជាទៅស្នងការនគរបាលខេត្ត ឲ្យចេញប្រតិបត្តិការជាបន្ទាន់ ដើម្បីបង្ក្រាបក្រុមចោរ គោលបំណងពង្រឹងបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងខេត្តទេសចរណ៍មួយនេះ។

ប៉ុន្តែក្រោយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះសួរនាំ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់មកនោះ ទើបដឹងថា តាមពិតមិនមានក្រុមចោរចូលចាប់ជំរិតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេ គឺផ្តើមចេញពីស្រ្តីជាប្រពន្ធម្នាក់ បានយកលុយទៅលាក់ដោយខ្លាចប្តីលួចយកទៅផឹក ក៏បង្កើតរឿងថាមានករណីប្លន់នេះតែម្តង។

ខ្លឹមសារដែលត្រូវគេបញ្ជូនដោយផ្ទាល់ទៅអភិបាលខេត្តមណ្ឌលគិរី មានន័យយ៉ាងដូច្នេះថា «ថ្ងៃនេះមានករណីចោរចាប់ជំរិតស្ត្រីមួយរូប កូនខ្ចី២ខែ ជាជនជាតិដើមភាគតិចព្នង នៅតែ២នាក់កូនតូច ទើបតែ២ខែ ហើយប្តីរវល់ផឹកជាមួយបងប្អូនដែលនៅឆ្ងាយពីផ្ទះណាមួយផ្ទះគាត់នៅឆ្ងាយពីគេ ស្ថិតនៅភូមិអូរណាវ (ភូមិទី១ ពូទីត) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី វេលាម៉ោងប្រម៉ាណជា៧យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ហើយបានបាត់បង់ទ្រព្យសម្បត្តិរួមមាន៖ មាសសុទ្ធ៧ជី លុយខ្មែរ ៥០ម៉ឺនរៀល លុយដុង ១លានដុង។ ក្រុមចោរទាំងនោះមានគ្នា៤នាក់បិតមុខ ភ្លាមៗនៅវេលាម៉ោងប្រមាណជា៩យប់ទើបសម្ថកិច្ចមកដល់តែចោរទាំងនោះរត់ទៅបាត់ដោយសុវត្តិភាព។ មកដល់ពេលនេះ មិនទាន់មានតម្រុយ»

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ​ បន្ទាប់ពីទទួលបានព័ត៌មាន និងបញ្ជាដោយផ្ទាល់ពីលោក ស្វាយ សំអ៊ាង ប្រធានគណៈបញ្ជាការឯកភាពខេត្តរួចមក លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅដល់កន្លែងកើហេតុភ្លាមៗ ដើម្បីធ្វើការសួរនាំ និងស្រាវជ្រាវករណីនេះ។

ក្រោយការស្រាវជ្រាវភ្លាមៗ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា តាមពិតពុំមានករណីចាប់ជំរិតនេះកើតឡើងនោះឡើយ មូលហេតុមកពីប្រពន្ធយកលុយទៅលាក់ទុក ខ្លាចប្តីលួចយកទៅផឹកស្រា រហូតបង្កើតព័ត៌មានប្រឌិតនេះកើតឡើងតែម្តង។

ចំពោះការប្រឌិតព័ត៌មានខាងលើនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្វើបែបនេះ នាំឲ្យមានចលាចលនៅក្នុងសង្គម ខណៈដែលខេត្តមណ្ឌលគិរី មានភាពស្ងប់ស្ងាត់ចំពោះបទល្មើសទាំងនេះ។ ក្រោយមានការណែនាំពីសមត្ថកិច្ច ម្ចាស់ផ្ទះទាំង២នាក់ប្តី-ប្រពន្ធ បានយល់ព្រមធ្វើកិច្ចសន្យា ដោយបញ្ឈប់ការប្រឌិតព័ត៌មាននេះទៀតហើយ នៅពេលលើកក្រោយ៕