(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «ទេវតាការពារ» ជាស្នាដៃនិពន្ធ របស់អ្នកនិពន្ធចិនដ៏ល្បីឈ្មោះ ដែលទទួលបានប្រជាប្រិយភាពខ្លាំង និងធ្លាប់ទទួលបានពានរង្វាន់និពន្ធឆ្នើមក្នុងការនិពន្ធរឿង Wolf Warrior2 លោក កាវ យែន ដែលបានចាប់ផ្តើមសម្ពោធដំណើរការថតនៅក្នុងប្រទេសកម្ពុជាជាផ្លូវការហើយ។ វណ្ណកម្មរឿងមួយនេះ បានជ្រើសរើសយកទីតាំងថត នៅក្នុងទឹកដីខេត្តសៀមរាប និងរាជធានីភ្នំពេញ ហើយនេះក៏ជារឿងតំបូងតំណាងឱ្យ «ឆ្នាំវប្បធម៌ទេសចរណ៍រវាងកម្ពុជា និងចិន»។
នៅក្នុងពិធីសម្ពោធដំណើរការថតខ្សែភាពយន្តរឿង «ទេវតាការពារ»នេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីលោក សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រួមទាំងមានការចូលរួមពីសមាជិក ក្រុមការងារថតខ្សែភាពយន្តនេះជាច្រើនរូបផងដែរ នៅសណ្ឋាគារហ័ងសាន រាជធានីភ្នំពេញ។
ក្នុងការថតខ្សែភាពយន្តរឿង «ទេវតាការពារ» នេះដែរ ក៏មានការចូលរួមសហការដោយក្រុមហ៊ុនល្បីៗ ដូចជាក្រុមហ៊ុន ZHONGSHI SHANGYIN International Cuture Media Co., Ltd , WEENANT PICTURE , THINK & DO Cuture Delopment Co., Ltd និង UNICORN INTERNATIONAL UNITED Media Co., Ltd និងមានការចូលរួមពីអ្នកផលិតខ្សែភាពយន្តរហូតដល់៧ប្រទេស និងមានតួរសម្តែងមកពីបណ្តាប្រទេសផ្សេងៗគ្នា រហូតដល់៩ប្រទេស ក្រោមការដឹកនាំសម្តែងដោយលោក Jimmy Henderson ដែលជាអ្នកដឹកនាំថតប្លង់ជួយសង្គ្រោះនៅក្រៅប្រទេស។
នៅក្នុងរឿងនេះដែរក៏មានការចូលរួមពីតារាសម្តែងល្បីៗជាច្រើនរូប ដូចជា លោក GU SHANG WEI តារាសម្តែងរង្វាន់មេដាយមាស លោក AN ZHI JIE តារាសម្តែងក្បាច់គុនហុងកុងជើងចាស់ លោក ZENG ZHI WEI និងលោក LI ZI XIONG រួមទាំងមានតារាសម្តែងជនជាតិខ្មែរ និងតារាសម្តែងជាច្រើនរូបផ្សេងទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះលោក សោម សុគន្ធ បានលើកឡើងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានភាគីចិន បានដាក់ទុនវិនិយោគមកលើកប្រទេសកម្ពុជា និងបានមើលឃើញពីទេសភាព ស្ថានភាព សម្បត្តិវប្បធម៍ និងបេតិកភណ្ឌ ដ៏សំបូរបែប ដែលមាននៅក្នុងប្រទេសកម្ពុជា ដែលបានជ្រើសរើសក្នុងការបង្កើតជាទីតាំងខ្សែភាពយន្តមួយ ដែលនេះជាលទ្ធផល និងជាចំណងមិត្តភាពដ៏យូរអង្វែងរបស់ប្រទេសចិន និងប្រទេសកម្ពុជា ដែលធ្វើយ៉ាងណាឱ្យនយោយបាយផ្លូវមួយ ខ្សែក្រវាត់មួយ របស់លោកប្រមុខរាជរដ្ឋាភិបាលចិន បានសម្រេច និងបានជោគជ័យផងដែរ។
លោកបានបន្តទៀតថា នៅគ្រប់បណ្តាប្រទេសទាំងអស់ តែងតែយល់ថា ភាពយន្តជាឧបករណ៍ ដើម្បីទាក់ទាញផលប្រយោជន៍ខាង វប្បធម៍ និងនយោបាយ ដូចនេះថ្នាក់ដឹកនាំប្រទេសទាំងអស់ តែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ដល់ឧស្សាហកម្មនៃបណ្តាប្រទេសរបស់ខ្លួនឱ្យមានភាពរុងរឿង ហើយចំពោះប្រទេសកម្ពុជា រាជរដ្ឋាភិបាលតែងតែបានជំរុញ និងចាត់ទុកផលិតករភាពយន្ត ជាកម្លាំងចលករក្នុងការអភិវឌ្ឍវិស័យភាពយន្តផងដែរ ដូចនេះ ដើម្បីឱ្យរីកចំរើននៅក្នុងវិស័យភាពយន្តបាន ក្រសួងវប្បធម៍ក៏បានខិតខំធ្វើយ៉ាងណាឱ្យវិស័យភាពយន្តនេះ មានការរីកចំរើនផងដែរ។
លោក ប៉ុក បូរក្ស បានឱ្យដឹងដែរថា ការផលិតភាពយន្តដើម្បីឈានទៅរកការអភិវឌ្ឍបាន គឺយើងត្រូវមានការសហការគ្នាក្នុងការផលិតរឿង ហើយការផលិតនេះមិនត្រឹមតែសហការគ្នាតែក្នុងបច្ចេកទេសនោះទេ គឺត្រូវមានទាំងតារាសម្តែងលាយឡំគ្នាថែមទៀតផង ដើម្បីអាចឈានទៅដល់ទីផ្សារអន្តរជាតិបាន ហើយចំពោះភាពយន្តរឿង «ទេវតាការពារ» ហើយមានសិល្បៈករជាច្រើនប្រទេសចូលរួមថតរឿងនេះ ដែលនេះវាពិតជាផ្តល់ប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា សាច់រឿងនេះ «ទេវតាការពារ»នេះ នឹងបង្ហាញពីទិដ្ឋភាពនៅក្នុងសង្គមចំពោះបញ្ហារឿងជួញដូរកុមារ ដោយរួមបញ្ជូលទាំងការប្រយុទ្ធក្បាច់គុណជាច្រើន ដែលលាយឡំជាមួយនឹងមនោសញ្ចេតនារបស់ឪពុក និងយុត្តិធម៌ និងភាពអង់អាចក្លាហានជាច្រើន ដែលឆ្លុះបញ្ចាំងឱ្យមហាជនគ្រប់រូបយកចិត្តទុកដាក់ និងចូលរួមរួមគ្នាបង្ក្រាបក្រុមជនទុច្ចរិតជួញដូរកុមារតូចៗផងដែរ៕