(សៀមរាប)៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ដែលត្រូវជនសង្ស័យចាក់សាំងដុតទាំងរស់ រហូតមានរបួសយ៉ាងធ្ងន់ធ្ងរនោះ បានទទួលថវិកាឧបត្ថម្ភជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ខណៈរូបគេកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ លោកស្រីឧត្តមសេនីយត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប បាននាំយកថវិកា និងការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយទោ ទិត្យ ណារ៉ុង ទៅប្រគល់ជូនឪពុកក្មេងរងគ្រោះ ត្រូវជនល្មើសចាក់សាំងដុត ដែលកំពុងសម្រាកព្យបាលនៅពេទ្យគន្ធបុប្ផា។
នៅក្នុងឱកាសនោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឧបត្ថម្ភថវិកាចំនួន ១លានរៀល, លោកឧត្តមសេនីយទោ ទិត្យ ណារ៉ុង ឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល និងលោកឧត្តមសេនីយទោ លៀង ភិរម្យ នាយរងសេនាធិការ នៃអគ្គស្នងការដ្ឋានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ព្រមទាំងសប្បុរសជនជាច្រើនទៀតផង។
ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន ២៥០ដុល្លារ និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារផងដែរ។
ចំពោះការឧបត្ថម្ភថវិកាទាំងនេះ ឪពុកក្មេងរងគ្រោះ បានថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានឧបត្ថម្ភ ដោយចិត្តអាណិតអាសូរដល់កូនរបស់គាត់ និងសូមជូនពរទទួលបានសុខសប្បាយ គ្របៗគ្នា ហើយគាត់បានអរគុណដល់កម្លាំងមានសមត្ថកិច្ច ដែលបានចាត់វិធានការ បង្ក្រាបជនសង្ស័យបានទាន់ពេល។
សម្រាប់ជនសង្ស័យវិញ ត្រូវបានលោកឧត្តមសេនីយ៍ ទិត្យ ណារ៉ុង បញ្ជាក់ថា ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ កាលពីម្សិលមិញ។
សូមបញ្ជាក់ថា ជនសង្ស័យស្ដ្រីតែងខ្លួនជាប្រុសម្នាក់ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវតាមចាប់ខ្លួន ក្រោយធ្វើសកម្មភាពចាក់សាំងដុតក្មេង បណ្ដាលឲ្យឆេះពេញខ្លួនប្រាណ ព្រោះខឹងលួចលុយ២ម៉ឺនរៀល។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប និងធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម Facebook អំពាវនាវឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានប្រាប់ថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនស្ដ្រី (តែងខ្លួនជាប្រុស) ដែលជាជនបង្ក ឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជុំគ្នា។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលស្ដ្រីជនដៃដល់ ធ្វើសកម្មភាពបែបនេះ ដោយសារតែខឹងក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន២ម៉ឺនរៀល ហើយខ្លួនបានចាក់សាំងមួយគំរបដប ចាក់លើអាវដុតក្មេងតែម្ដង បណ្តាលឲ្យជនរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លូនផ្នែកខាងឆ្វេង៕