(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងជនរងគ្រោះដែលស្លាប់ និងរងរបួសដោយអគ្គិភ័យឆេះដេប៉ូលក់សាំង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង ៣០នាទីល្ងាច មានទីតាំងស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលបណ្តាលឲ្យឆេះផ្ទះទាំងស្រុងចំនួន ៤ខ្នង (ក្នុងនោះ ផ្ទះ ១ខ្នង មានមនុស្សស្លាប់ចំនួន ២នាក់ និងរងរបួស ២នាក់)។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ ក៏ដូចជាការបាត់បង់នូវធនធានសេដ្ឋកិច្ចគ្រួសារផងដែរ។ ជាមួយគ្នានេះ ក៏សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃសពទាំងពីរបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យនៅរដូវក្តៅនេះ និងត្រូវប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ ព្រោះអាចប្រឈមនឹងគ្រោះរាំងស្ងួតដែលបង្កឡេីងដោយបាតុភូតនៃបម្រែបម្រួលអាកាសធាតុ។
សូមបញ្ជាក់ថា សម្ភារសម្រាប់ផ្ដល់ជូនក្រុមគ្រួសារដែលមានមនុស្សស្លាប់ ២នាក់ និងរងរបួស ២នាក់ ទទួលបាន ៖ អង្ករ ១២៥ គីឡូក្រាម ត្រីខ ៦០កំប៉ុង មី ៦កេស ទឹកក្រូច ៦កេស និងបច្ច័យ ៥លានរៀល។
ដោយឡែក គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងមានចំនួន ៣គ្រួសារ (ស្មេីនឹង ៣ខ្នងផ្ទះ) ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ២០កំប៉ុង មី ២កេស ទឹកក្រូច ២កេស ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងផ្ដល់ជូនថវិកាមួយចំនួន៕