(ភ្នំពេញ)៖ ដោយរដូវប្រាំងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ មានស្ថានភាពក្ដៅខ្លាំង បានធ្វើឲ្យទំនប់វារីអគ្គសនីមិនអាចផលិតថាមពលបានគ្រប់គ្រាន់ នាំឲ្យកម្ពុជាមានបញ្ហាកង្វះថាមពល។ អាស្រ័យហេតុនេះហើយបានជារដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ាស៊ីនភ្លើងបណ្ដោះអាសន្នសិន ទម្រាំនិងរដូវក្ដៅឆ្លងផុតទៅប្រមាណ២ខែទៀត។
ក្រោយការជូនដំណឹងរបស់រដ្ឋាភិបាល យើងសង្កេតឃើញមានប្រជាជនជាច្រើនបានសម្រុកទៅទិញម៉ាស៊ិនភ្លើងប្រើប្រាស់។ តាមសកម្មភាពនៅឃ្លាំងលក់ម៉ាស៊ីននៅពេលនេះ មានភាពមមារញឹកស្ទើតែដូចផ្សារត្រីទៅហើយ។ គ្រាន់តែឈរមើលតែមួយភ្លេតក៏យើងឃើញថា មានម៉ាស៊ីនភ្លើងជាច្រើនត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងទាំងខ្នាតតូច និងខ្នាតធំ។
លោកសៅព្រហ្ម សោភ័ណ្ឌ បុគ្គលិកក្រុមមហ៊ុនថ្នាំលាភ JDP បានឲ្យដឹងថាក្រោយទទួលបានដំណឹងពីរដ្ឋាភិបាល លើការខ្វះថាមពលអគ្គសនីបណ្ដោះអាសន្ន លោកបានមកទិញម៉ាស៊ីនភ្លើងសម្រាប់បម្រើការងារជាច្រើននៅកន្លែងធ្វើការរបស់ក្រុមហ៊ុនលោកពាក់ព័ន្ធនឹងផ្នែកសំណង់។ ស្ទើរតែមិនគួរឲ្យជឿម៉ាស៊ីភ្លើងដែលជាខ្នាតសម្រាប់ដាក់នៅក្រុមហ៊ុនរបស់លោក បានលក់អស់ពីឃ្លាំងទៅហើយ។
លោក សៅព្រហ្ម សោភ័ណ្ឌ អ្នកបុគ្គលិកក្រុមមហ៊ុនថ្នាំលាភ JDP បានឲ្យដឹងថា៖ «ម៉ាស៊ីនភ្លើងខ្ញុំទិញនេះខ្នាតវាចំនួន៨ KVA ខ្នាតធំដែរ បើតូចពេកគឺផ្គត់ផ្គង់មិនបានទេ។ ឥលូវពេលគេលក់ដាច់ពេក មនុស្សមកច្រើនឥលូវដាច់ស្តុកបាត់ ហើយខ្ញុំកំពុងតែរកគាត់ឲ្យគាត់ជួយរកឲ្យមួយព្រោះរកមិនទាន់បាន»។
ដោយភាពចាំបាច់ លោកសោភ័ណ្ឌបានឲ្យដឹងថា លោកនឹងកម្ម៉ង់ពីម្ចាស់ឃ្លាំងនេះទោះត្រួវកក់លុយមុនក៏ព្រម។ ចំណែកឯតម្លៃរបស់ម៉ាស៊ីនភ្លើងវិញ បុគ្គលិកក្រុមមហ៊ុនថ្នាំលាភខាងលើបានឲ្យដឹងថា តម្លៃម៉ាស៊ីនភ្លើងបានឡើងថ្លៃជាងពេលមុនច្រើន។
លោក សៅព្រហ្ម សោភ័ណ្ឌ បានបន្ថែមយ៉ាងដូច្នេះ «ជាទូទៅវាមានមែនការតម្លើងថ្លៃ កាលពីមុនខ្ញុំធ្លាប់ទិញតម្លៃរបស់ម៉ាស៊ីនកម្រិត៨KVA ខ្ទង់២,២០០ ទៅ២,៣០០ដុល្លារ ប៉ុន្តែឥលូវនេះវាឡើងចូលពី២,៩០០ ទៅ៣,០០០ដុល្លារ»។
ដូចការបញ្ជាក់របស់លោកសោភ័ណ្ឌថាតម្លៃរបស់ម៉ាស៊ីនភ្លើងបានឡើងថ្លៃខ្ពស់ជាងទីផ្សារនោះ ទើបប្រជាពលរដ្ឋជាច្រើនបានអំពាវនាវដល់អ្នកលក់ កុំតម្លើងថ្លៃម៉ាស៊ីនភ្លើងខ្ពស់ជាងទីផ្សារពេក។ លោកដាវុធ ដែលជាអ្នកម្ចាស់ក្លឹបហាត់ប្រាណមួយក្នុងរាជធានីភ្នំពេញបានលើកឡើងថា ចំពោះបញ្ហាកង្វះថាមលពលនេះលោកគិតថាមិនមានបញ្ហានោះទេ ព្រោះវាបណ្ដាលមកពីកត្តាធម្មជាតិ តែលោកសូមឲ្យអ្នកលក់ម៉ាស៊ីនភ្លើងកុំតម្លើងថ្លៃខ្លាំងពេក។ មិនតែប៉ុណ្ណោះលោកក៏បានអំពាវនាវកុំឲ្យមានការតម្លើងថ្លៃប្រឹងថែមទៀតផងដែរ។
លោក ដាវុធ លើកឡើងដូច្នេះ៖ «សូមឲ្យតម្លៃនៃការលក់ដូរ មានការគិតគូរផងកុំថាដល់តម្រូវការច្រើនចឹង គាត់ឡើងថ្លៃច្រើនពេក ឲ្យមាចំណេញសមរម្យកុំឲ្យ តែមួយពេលៗធ្វើឲ្យគ្នាដែលមកទិញគ្នាពិបាកក្នុងការចំណាយទុនបន្ថែមច្រើនពេក ហើយជាពិសេសដំណាក់កាលនេះ ត្រូវការការប្រើប្រេងឬម៉ាស៊ូតច្រើនណាស់ បើអាចតម្លៃនេះរក្សាសមរម្យក៏រឹតតែប្រសើរកុំឲ្យឡើងថ្លៃថែមទៀត ប៉ុណ្ណឹងនៅទទួលយកបាន តែសូមកុំឆក់ឱកាសឡើងថ្លៃថែមទៀតចំពោះប្រេង»។
ពិតណាស់ជាធម្មតានៅអំឡុងពេលបំពេញតម្រូវការភ្លាមៗដោយមិនបានព្រៀតទុក្ខបែបនេះ អ្វីក៏ដោយគឺតែងតែមានការតម្លើងថ្លៃខុសធម្មតា។ ប៉ុន្តែការតម្លើងថ្លៃខ្លាំងពេកគឺធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាជន នេះបើតាមការលើកឡើងរបស់លោក ឆេង ឃុន ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។
លោក ឆេង ឃុន បញ្ជាក់យ៉ាងដូច្នេះ៖ «ជាធម្មតាទេនៅពេលដែលនៅពេលលក់ដាច់វាខ្វះខាតខ្លះក៏មានដែរទៅតាមភាពជាក់ស្ដែង ព្រោះមើលទៅសភាពបងប្អូនយើងមកទិញគឺច្រើន ដ៏មកច្រើនចឹងទៅអ្នកលក់អាចដាច់ស្តុកអ៊ីចឹងទៅ។ ហើយខ្ញុំក៏អំពាវនាវដែរ កន្លងមកយើងមើលឃើញជាក់ស្ដែងថា ធ្លាប់មានជនឈ្លៀតឱកាស នៅពេលបែបនេះគាត់ចេះដំឡើងតម្លៃផ្ដេសផ្ដាស់ ចឹងសូមឲ្យអ្នកលក់ទាំងអស់គាត់ពិចារណាតម្លៃស្តង់ដារប៉ុណ្ណា យើងលក់ប៉ុណ្ណឹងទៅកុំឲ្យលក់ខុសប្រក្រតី»។
ការដំឡើងថ្លៃម៉ាស៊ីនភ្លើងនេះ មិនមែនមានតែការលើកឡើងពីប្រជាពលរដ្ឋនោះទេ សូម្បីតែអ្នកលក់ម៉ាស៊ីនភ្លើងផ្ទាល់ក៏ទទួលស្គាល់ថា មានការតម្លើងថ្លៃដែរ។ ដោយតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ ទោះជាមានការតម្លើងថ្លៃ ក៏ម៉ាស៊ីនភ្លើងត្រូវលក់អស់រហូតដល់អស់ពីឃ្លាំងក៏មាន។ នេះបើតាមការបញ្ជាក់ពីលោក អ៉ឹង ប៊ុនម៉ៅ ម្ចាស់ឃ្លាំងលក់ដុំម៉ាស៊ីនភ្លើងមួយកន្លែងជិតស្ពានជ្រោយចង្វា។ លោក អ៉ឹង ប៊ុនម៉ៅ បញ្ជាក់យ៉ាងដូច្នេះ៖ «ម៉ាស៊ីនភ្លើងប៉ុន្មានថ្ងៃនេះលក់ដាច់ខ្លាំងណាស់»។
ដោយសាសរតែយើងមិនបានដឹងមុនយូរទើងមិនបានត្រៀមម៉ាស៊ីនសម្រាប់លក់ច្រើនប្រភេទនោះទេ ចឹងហើយបានជាពេលនេះមានម៉ាស៊ីនខ្លះក៏អស់ ហើយអ្នកខ្លះរកម៉ាស៊ីនធំ ក៏យើងមិនមានដែរ។ ជាធម្មតាទេពេលមានតម្រូវការច្រើនបែបនេះ គឹតែងតែមានការតម្លើងថ្លៃខ្លះហើយ តែសម្រាប់ខ្ញុំគឺមិនឡើងច្រើនពេកទេ»។
ក្រៅពីការអំពាវនាវសូមកុំឲ្យមានការតម្លើងថ្លៃម៉ាស៊ីភ្លើងខ្លាំងពេក ប្រជាពលរដ្ឋក៏មានការយោគយល់ចំពោះបញ្ហាខ្វះថាមពលនេះដែរ។ ជាក់ស្ដែងដូចលោក ឆេង ឃុន បានលើកឡើងថា បញ្ហាកង្វះថាមពលនេះ គឺបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក ជាមូលហេតុដែលមិនអាចដឹងមុនយូរនោះទេ។
លោក ឆេង ឃុន បន្ថែមថា៖«រដ្ឋាភិបាលគាត់មានចំណាត់ការនេះគឺល្អហើយ ដែលបានជូនដំណឹងមុនឲ្យប្រជាពលរដ្ឋបានរៀបចំទុក។ ដូចជាការមកទិញម៉ាស៊ីនភ្លើងប្រើប្រាស់ជាបណ្ដោះអាសន្ននេះជាដើម ដើម្បីដោះស្រាយការងារដែលចាំបាច់។ ហើយខ្ញុំក៏អរគុណដល់រដ្ឋាភិបាលដែរ ដែលបានជូនដំណឹងមុន ដើម្បីងាយស្រួលរៀបចំទុក»។
មិនត្រឹមតែលោក ឆេង ឃុន ទេដែលបានអរគុណដល់រដ្ឋាភិបាលចំពោះការជូនដំណឹងមុននៃការខ្វះថាមពលអគ្គសនីនេះ សូម្បីតែលោក សៅព្រហ្ម សោភ័ណ្ឌ ជាបុគ្គលិករបស់ក្រុមហ៊ុនថ្នាំលាបដែលត្រូវការប្រើប្រាស់អគ្គសនីជាប្រចាំនោះក៏បានបង្ហាញទស្សនៈរបស់លោកថា «ការដែលសម្ដេចបានប្រកាស់ឲ្យដឹងមុននេះ គឺល្អខ្លាំងណាស់ ព្រោះយើងអាចត្រៀមទុកមុនបាន។ តែសម្រាប់អ្នកដ៏ទៃរិះគន់ខ្ញុំមិនដឹងគេគិតយ៉ាងណាទេចំពោះការគិតរបស់គេ តែសម្រាប់ខ្ញុំបើកន្លងមកគាត់ធ្វើល្អរហូតហើយ គ្រាន់តែមានកំហុសបន្តិចបន្តួចដូចមិនជាបញ្ហាអីទេ សំខាន់សម្ដេចបានប្រាប់មុនច្បាស់លាស់ណាស់ថាអាចខ្វះថាមពលអគ្គីសនីនេះប៉ុន្មានថ្ងៃ»។
ពាក់ព័ន្ធនឹងការខ្វះអគ្គីសនីប្រើប្រាស់នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្លាប់បានពន្យល់កាលពីថ្ងៃទី១៨ ខែមីនាថា ការដាច់ភ្លើងនេះ បណ្ដាលមកពីការកើនឡើងកម្តៅ ដែលធ្វើឲ្យវារីអគ្គិសនីមិនអាចដំណើរការបាន នាំឲ្យខ្វះថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ដែលត្រូវបង្ខំចិត្តផ្អាកអគ្គិសនីនៅតំបន់មួយចំនួន ប៉ុន្ដែកង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្ម នៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង១ពាន់មេហ្គាវ៉ាត់ទៀត។
ម្យ៉ាងវិញទៀតកម្ពុជាប្រឈមនូវកង្វះខាតអគ្គិសនីប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះ គឺត្រូវការភ្លើងជាង១០០ មេហ្កាវ៉ាត់។ ជាក់ស្តែងវិស័យសំណង់ គឺបានកើនឡើងជាង៧០០% បើប្រៀបធៀបក្នុងខែ មករា និងកុម្ភៈឆ្នាំទៅ។ ចំណុចនេះហើយដែលកម្ពុជា មានការប្រើប្រាស់អគ្គិសនីកាន់តែច្រើន ដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។
យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកការជួយផ្គត់ផ្គង់អគ្គីសនីបន្ថែមពីប្រទេសទេសជិតខាង រួមមានថៃ វៀតណាម តែប្រទេសទាំងពីរនេះក៏កំពុងជួបបញ្ហាកង្វះអគ្គីសនីដែរ។ ចំណែកឯឡាវវិញមានថាមពលអគ្គីសនី ប៉ុន្តែត្រូវចំណាយពេលយូរដើម្បីរៀបចំប្រព័ន្ធភ្លើងបញ្ជូនមកកម្ពុជា។ ក្រៅពីស្វែងរកការអន្តរាគមន៍ថាមពលពីប្រទេសជិតខាង សម្ដេចតេជោ ក៏កំពុងស្វែងរកមធ្យោបាយផលិតថាមពលដែលអាចផលិតថាមពលបានលឿន ដើម្បីដោះស្រាយបញ្ហាកង្វះអគ្គីសនីនេះដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ៕