(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ ប្រតិភូរបស់រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ព នៅវរៈសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បាននាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់កងទ័ពទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់ របស់សម្តេចទាំងទ្វេរ ព្រមទាំងបានលើកឡើងអំពីការផ្សាភ្ជាប់គ្នា រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជានិច្ចកាលមិនអាចកាត់ផ្តាច់ពីគ្នាបាន។
លោកអភិបាល បានកោតសរសើរនូវវីរៈភាពអង់អាចក្លាហានកងទ័ព លះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងបូរណភាពទឹកដី និងបានផ្តាំផ្ញើ ដល់កងទ័ពទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព តាមរយៈអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត ព្រមទាំងបន្តខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ក្នុងអង្គភាព ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងអង្គភាព។
លោកវរសេនីយ៍ឯក យឿង សែ មេបញ្ជាការវរៈសេនាតូច៣៩៤ និងនាយទាហាន ពលទាហានទាំងអស់ បានប្តេជ្ញាចិត្តការពាររាជដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងប្តេជ្ញាស្មោះត្រង់ និងការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាដរាប។
ក្នុងឱកាសនោះដែរ គណៈប្រតិភូបានឧបត្ថម្ភដល់កងវរៈសេនាតូច៣៩៤ សរុបជាថវិកា ចំនួន ៤៨.៣០០.០០០រៀល រួមមាន៖ អង្ករ ៩បាវ, ទឹកសុទ្ធ ២៦កេស, ទឹកក្រូចទឹកផ្លែឈើ ៣០កេស, ត្រីខ ២៨យួរ, ទឹកត្រី ទឹកស៊ីអ៊ីវ ៣៨យួរ, គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខផងដែរ។
ថវិកាដែលបានយកទៅឧបត្ថម្ភជូនដល់វរៈសេនាតូចលេខ៣៩៤ និងនាយទាហាន ពលទាហាន ក្នុងឱកាសនោះរួមមាន៖ មេបញ្ជាការរងកងពលលេខ៩ ថវិកា៥០ម៉ឺនរៀល, ប្រធានវរៈ៣៩៤ ថវិកា១លាន៦សែនរៀល, អនុប្រធានវរៈ ០៦នាក់ ក្នុងម្នាក់ ៤០ម៉ឺនរៀល, ជំនួយការវរៈ ១០នាក់ ក្នុងម្នាក់ ២៥ម៉ឺនរៀល, មេបញ្ជាការកងអនុសេនាធំ ០៦នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល, មេបញ្ជាការរងកងអនុសេនាធំ ១២នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល, មេបញ្ជាការកងអនុសេនាតូច ១២នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល, មេបញ្ជាការរងកងអនុសេនាតូច ១៩នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល, ពលទាហាន ៨៦នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និងមី ០១កេស, ពលទាហានមានជំងឺ ០២នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់អាហារពេលល្ងាច ២លានរៀល។
ក្រៅពីនេះ គណៈប្រតិភូ ក៏បានឧបត្ថម្ភដល់វរៈសេនាតូច ៣៩៤ នូវស័ង្កសីសម្រាប់ប្រក់ដំបូលឃ្លាំងដាក់គ្រាប់ ៣០០សន្លឹក។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំសាលាខណ្ឌដង្កោ ដែលជាសម្ព័ន្ធភាពរបស់វរៈសេនាតូចលេខ៣៩៤ តែងតែមកសំណេះសំណាល និងនាំយកនូវសម្ភារ និងថវិកាមកផ្តល់ជូនដល់កងទ័ព ហើយដោះស្រាយនូវបញ្ហាប្រឈមនានាដែលជា សំណូមពររបស់វរៈសេនាតូចអន្តរាគមន៍លេខ ៣៩៤ផងដែរ៕