(សៀមរាប)៖ ឆ្លើយ តប ទៅ នឹង ការ ស្នើរសុំរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កំណាត់ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៣គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានជួសជុលរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាតលោកតា ហ៊ុន នាង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ លោកស្រីប្រធានមូលនិធិ បានលើកឡើងថា សមិទ្ឋិផលទាំងនេះបានកើតចេញពីការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង ការចំណាយក្នុងការជួសជុលផ្លូវនេះ គឺជាថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងជួសជុលដោយកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន។
លោកស្រីបន្តថា សមិទ្ឋផលនេះ ក៏ជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានផងដែរ ដែលជាសេនាធិការឱ្យស្រុក ខេត្ត និងរាជរដ្ឋាភិបាល ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋ និងដឹកនាំកសាងអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ ជួយថែរក្សាផ្លូវនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួម។
ក្នុងឱកាសនោះលោកស្រីក៏បាននាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋទាំងអស់នៅទីនេះថា សូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសការបើកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះការគំទ្រ និងជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជារហូតមក។
លោកមេឃុំឃុនរាម បានឲ្យដឹងដែរថា កន្លងមកផ្លូវនេះ ជាពិសេសក្នុងរដូវវស្សាមានទឹកដក់ និងជង្ហុកជាច្រើន ដែលពិបាកដល់ការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងខ្លាំង។ លោកបន្តថាផ្លូវនេះមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅទីនេះ ប្រមាណជាង ១៥០គ្រួសារធ្វើដំណើរ និងដឹកជញ្ជូនកសិផល ផ្លាស់ប្តូរទំនិញផ្សេងៗ។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ បានបង្ហាញនូវទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយអ្វីៗឡើយ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែលបានជួសជុលរួចរាល់នេះ គឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅទីនេះ បានធ្វើការស្នើសុំ ក្រុមការងារមូលនីធិអណ្តូងទឹកស្អាតផ្ទាល់ នៅពេលដែលលោកស្រី និងក្រុមការងារមកប្រគល់អណ្តូងទឹក ជូនប្រជាពលរដ្ឋនៅទីនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងមក ហើយថ្ងៃនេះដែរលោកស្រីក៏បានឲ្យក្រុមការងារធ្វើជូនបន្ថែមប្រវែង ៣០០ម៉ែត្រទៀត៕