(កំពត)៖ នារសៀល ថៃ្ងសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី២៣ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី អមដំណើរដោយ ប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះពិនិត្យការដ្ឋានសាងសង់ប្រឡាញអូរតាចែត ស្ថិតក្នុងស្រុក កំពង់ត្រាច ខេត្តកំពត។
ទីតាំងកន្លែងនេះ គឺជាការកែប្រែមួយដ៏មានប្រសិទ្ធភាពដែលជានិច្ចជាកាលតែងជួបប្រទះនូវកង្វះខាតទឹក ឲ្យក្លាយជាតំបន់មួយដែលប្រជាពលរដ្ឋអាចផលិតស្រូវបាន ០៣ដងជាប្រចាំ។
ក្រៅពីប្រភពទឹកជោរនាចពីព្រែកតន់ហន់ ជាទិសដៅបន្តសំរាប់អនាគតដ៏ខ្លីខាងមុខ គឺតភ្ជាប់ទៅនឹងគំរោងប្រឡាយ៩៨ ដែលក្រសួង បាននិងកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ការដ្ឋានកំពុងដំណើរការក្នុងឆ្នាំ២០១៨-២០១៩នេះ គឺជីកព្រែកប្រវែង៥៥០០ម៉ែត្រ គួបផ្សំនិងសំណង់សិល្បការចំនួន១៩កន្លែង ដោយប្រើប្រាស់អ៊ិចស្កាវ៉ាទ័រ ចំនួន១៦គ្រឿង ដែលបច្ចុប្បន្ននេះសម្រេចបានប្រមាណ២០ភាគរយលើផែនការគ្រោងទុក៕