(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថម្នាក់ មានតួនាទីគ្រាន់បើនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង ទីរួមខេត្តកំពង់ចាម នាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook រហូតមដល់ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។
បើតាមការទម្លាយក្នុងខ្លឹមសារខាងលើ ជាមួយវីដេអូនោះ ម្ចាស់ Account Facebook ក៏បានបង្ហាញថា មន្រ្តីអាវុធហត្ថម្នាក់នេះ គឺជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដែលគេស្គាល់ថា គឺលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន។
វីដេអូ៤ឃ្លីបដែលមានរយៈពេលជាង២នាទី ត្រូវបានបង្ហោះនៅលើ Account Facebook មានឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថរូបនេះបានវាយ និងដកកាំភ្លើងភ្ជង់ទៅលើមិត្តភក្តិរបស់ខ្លួន។ ជាមួយគ្នានេះម្ចាស់ Account Facebook ក៏បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយចាត់ការរឿងនេះផងដែរ។
ឈ្មោះ Makara Meach បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ។ នេះជាវិដេអូដែលកូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន សុខុម (អ.ហ សក្ក័៤) បានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអ៊ីនធឺណែតមួយនៅក្នុងទីរួមខេត្ត កំពង់ចាម អាស្រ័យដូចដែរបានរៀបរាប់ខាងលើ សូមឯកឧត្តម ប្រើកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវាធ្វើធំ ដើរវ៉ៃគេច្រើនណាស់»។
ចំពោះវីដេអូមួយនេះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃនេះថា លោកបានមើលឃើញវីដេអូនេះដែរ ប៉ុន្តែមិនទាន់ដឹងថា តើដំណើរដើមទង នៃករណីនេះផ្តើមចេញដោយរបៀបណានោះទេ ក៏ព្រោះតែរហូតមកដល់ម៉ោងនេះ ជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្តឹងជាផ្លូវការមកកាន់សមត្ថកិច្ច។ តាមរយៈ comment, មន្រ្តីរបស់លោក ក៏បានប្រាប់ទៅម្ចាស់ Account ជួយប្រាប់ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចផង។
មន្រ្តីអាវុធហត្ថម្នាក់នៅខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោក សាន សុខុម ពិតជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តពិតមែន តែសម្រាប់តួនាទីវិញហាក់មិនទាន់ច្បាស់ទេ ព្រោះតែបានទៅរស់នៅជាមួយប្រពន្ធនៅខេតកំពង់ចាម និងយូរៗ ម្តងមកខេត្តក្រចេះ។
ជុំវិញការបង្ហាះវិដេអូនេះ លោក សាន សុខុម ដែលត្រូវគេចោទប្រកាន់នោះ បានទូរស័ព្ទប្រាប់អង្គភាពព័ត៌មាន Fresh News ដោយបដិសេធថា មិនមានរឿងយ៉ាងដូច្នោះឡើយ តែនៅពេលសួរថា តើមិនមែនជាការពិតយ៉ាងដូចម្តេច បើឃើញស្រាប់នៅក្នុងសកម្មភាពវីដេអូនោះ? លោក សាន សុខុម ក៏ផ្តាច់ទំនាក់ទំនងតែម្តង។
នៅក្នុងវីដេអូរយៈជាង២នាទី មន្រ្តីអាវុធហត្ថ សាន សុខុម បានវាយទៅលើគូជម្លោះដោយដៃ និងយកជង្គង់អុកក្បាល រហូតដកកាំភ្លើងភ្ជង់គាំរាមទៀតផង ប៉ុន្តែសម្រាប់ដំណើរដើមទងនៃអំពើហិង្សានេះ មិនទាន់បានទទួលនៅឡើយទេ។ សម្រាប់ម្ចាស់ Facebook ដែលបង្ហោះរឿងនេះ អង្គភាពព័ត៌មាន Fresh News ក៏មិនទាន់អាចសុំការបកស្រាយបាននោះទេ ដោយគ្មានលេខទំនាក់ទំនង ខណៈទូរស័ព្ទតាមបណ្តាញសង្គមមួយនេះមិនចូល៕