(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅលើព្រះពុទ្ធសាសនា ព្រោះសាសនារបស់រដ្ឋ ដោយត្រូវចេះសហការគ្នា យោគយល់ឱ្យគ្នាទៅវិញទៅមក ក្នុងការថែរក្សាប្រពៃណីជាតិ ជាពិសេសកុំលេងល្បែងស៉ីសងគ្រប់ប្រភេទ និងត្រូវចូលរួមទប់ស្កាត់បទល្មើសផ្សេងៗទៀតផងដែរ។
នៅក្នុងពិធីកាត់ខ្សែបូសាលាឆាន់ ព្រមទាំងសមិទ្ធផលនានានៅវត្តព្រះពុទ្ធទ្រង់បាត្រ នៅភូមិស្នោ ឃុំត្រពាំប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ លោក សុខ លូ ក៏បានថ្លែងអំពាវនាវឲ្យឪពុកម្តាយគ្រប់ៗរូប ត្រូវជំរុញកូនចៅឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយមនុស្សល្អក្នុងសង្គម ក្នុងការកសាងប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ។
ក្រៅពីបានអំពាវនាវឲ្យប្រជាពលរដ្ឋ ជំរុញកូនចៅឲ្យខិតខំសិក្សារៀនសូត្រ លោក សុខ លូ ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ។ លោកថា គ្រោះថ្នាក់ចរាចរណ៍៧៨% បណ្តាលមកពីការមិនពាក់មួកសុវត្ថិភាព ហើយគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យគ្រួសារក្រីក្រ និងពិការភាពអស់មួយជីវិត ពិសេសត្រូវបើកបរ ដោយគោរពសិទ្ធិគ្នាអធ្យាស្រ័យ បើកបរមិនត្រូវប្រើគ្រឿងស្រវឹង ចំពោះគោយន្តត្រូវបិទចំណាំងផ្លាតនៅពីខាងក្រោយ។ ចំពោះបញ្ហាសុខភាពសូមឲ្យយកចិត្តទុកដាក់ និងណែនាំដល់កូនចៅ ហើយបញ្ហាបរិស្ថាន ត្រូវចេះទុកដាក់សំរាមឱ្យបានសមរម្យ។
លោកបានបន្តទៀតថា ដោយការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើន លុះត្រាតែប្រទេសមានសុខសន្តិភាព កាលណាមានសន្តិភាពទើមានការអភិវឌ្ឍ។ លោកផ្តាំថា ប្រជាពលទាំងអស់ត្រូវចូលរួមអនុត្តន៍ នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពផងដែរ។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍តាមការអនុវត្តគោលនយោបាយជាអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាលគឺ ផ្លូវ ភ្លើង ទឹក មនុស្ស និងគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លី។ លោកថា គោលនយោបាយទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានលំនឹង ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ធ្វើឲ្យជីវភាពកាន់តែរីកចម្រើន និងលើកកម្ពស់ជាបន្តបន្ទាប់គ្រប់ផ្នែកការងារសង្គមកិច្ច បានដំណើរការល្អជាប្រក្រតី៕