(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រកាសជូនដំណឹងនិងស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងកាន់កាប់ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់នេះ។ ក្រសួងបរិស្ថានព្រមានថា បើបុគ្គលណានៅតែបន្តសកម្មភាពទិញ-លក់ដូរដីធ្លី ក្នុងឧទ្យានជាតិនេះទៀត នឹងត្រូវប្រឈមមុខចំពោះច្បាប់។
នេះជាការព្រមានរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ ខណៈមានជនខិលខូចមួយចំនួន បាននិងកំពុងប្រកាសលក់ដីពុះឡូតិ៍ថ្មីៗ យ៉ាងអនាធិបតេយ្យ ដែលមានទីតាំងក្នុងតំបន់ឧទ្យានជាតិរាម ដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំពាវនាវដល់សាធារណជន ដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិរាមថា សូមមេត្តាមានការប្រុងប្រយ័ត្ន ព្រោះការទិញ-លក់ដូរដី ស្ថិតក្នុងតំបន់ការពារធម្មជាតិជាទង្វើខុសច្បាប់ ហើយជនប្រព្រឹត្តល្មើសច្បាប់នឹងអាចត្រូវប្រឈមមុខច្បាប់។ លោកបានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឱ្យបុគ្គលណាបានឡើយ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបុគ្គលមួយចំនួននៅតែបន្តសកម្មភាពទិញ-ដូរដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ក្រោមការបោកប្រាស់របស់ជនខិលខូចនោះអាចធ្វើឱ្យខាតបង់ប្រាក់ឥតប្រយោជន៍ បើសិនអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឃើញថា ដីដែលទិញ-ដូរនោះ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ។
លោករដ្ឋលេខាធិការ បានឱ្យដឹងថា ជនល្មើសដែលទៅកាប់រុករានទ្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជន នៅខេត្តព្រះសីហនុជាច្រើនករណី បាននិងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ដោយរង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើស ដែលខ្លួនប្រព្រឹត្តប្រឆាំងនឹងច្បាប់ ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងច្បាប់ដីធ្លី។
សូមបញ្ជាក់ថា តំបន់រាមមានផ្ទៃដីទំហំ ១៥០,០០០ហិកតា ត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម) ដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣។ ដោយសារតែដីនៅខេត្តព្រះសីហនុ មានតម្លៃថ្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូច បានបន្តកើតមានយ៉ាងខ្លាំង ដែលដីខ្លះមានការរំលោភកាន់កាប់ដីខុសច្បាប់ ពីជនខិលខូចលើដីជាទ្រព្យសម្បត្តិរដ្ឋ និងជារបស់ឯកជនខ្លះ ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។
លោករដ្ឋលេខាធិការ បានថ្លែងថា កន្លងមកការទន្ទ្រានរុករានកាន់កាប់ដីដោយខុសច្បាប់របស់ប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៉ីដីធ្លី ដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន រំលោភបំពានច្បាប់ និងបផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យាជាដើម ដើម្បីបន្លំថា ជាដីនិងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។
លោកបន្តថា កន្លងមកក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៉ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផលព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើតប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍជីវភាពគ្រួសារផងដែរ។
ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីជាធរមាន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការយកពលរដ្ឋមកធ្វើជាលេសដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋជារឿងខុសច្បាប់ និងមិនត្រូវបានអត់ឱនឱ្យឡើយ។
លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលប្រទេសកម្ពុជាមាន ដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ៕