(បាត់ដំបង)៖ ដោយសារតែភ្លើងប្រច័ណ្ឌ និងមានសតិមិនល្អផង ប្រពន្ធបានយកពូថៅមកកាប់ប្តីកំពុងដេកក្នុងអង្រឹងក្រៅផ្ទះចំនួន ៦ពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣៖០០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុភូមិ ស្ដៅឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹង នៅរសៀលថ្ងៃទី២៣ ខែមីនានេះថា ជនសង្ស័យឈ្មោះ វ៉ា សុខណន អាយុ៤២ឆ្នាំ ជាប្រពន្ធ បានយកពូថៅដៃកាប់ទៅលើជនរងគ្រោះជាប្តីឈ្មោះ យី រ៉ាន់ អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលប្តីកំពុងសម្រាកលើអង្រឹងខាងក្រៅផ្ទះចំនួន ៦ពូថៅ។ ករណីនេះ បានបណ្ដាលឲ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែងភ្លាមៗ។
លោកស្នងការរង បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ អ្នកជិតខាង និងសាច់ញាតិ បានប្តឹងសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ និងចាប់ខ្លួនជនសង្ស័យយកមកសាកសួរ។
លោកបានបន្តថា ក្រោយសាកសួររួច លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនជនស្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕