Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពន្ធដារខេត្តព្រះសីហនុ រកឃើញរថយន្តមិនទាន់បង់ពន្ធផ្លូវឆ្នាំ២០១៨ ជាង៧០០គ្រឿង ដោយផាកពិន័យជាង៧០០លានរៀល

23-03-2019 16:27

(ព្រះសីហនុ)៖ ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៉ីផល បានឲ្យដឹង នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនាថា មន្ត្រីពន្ធដារខេត្តបានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវសាធារណៈ ចាប់តាំងពីខែកុម្ភៈ ហើយមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ រកឃើញរថយន្តជាង ៧០០គ្រឿង ដែលមិនទាន់បំពេញកាតព្វកិច្ច បង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៨ទេ។

លោកថា ចំពោះរថយន្តមិនទាន់ពន្ធផ្លូវខាងលើនេះ មន្ត្រីពន្ធដារតម្រូវឲ្យម្ចាស់រថយន្តទាំងនោះ ត្រូវបង់ពន្ធផ្លូវប្រចាំឆ្នាំ២០១៨ឡើងវិញ និងតម្រូវឲ្យបង់ប្រាក់ផាកពិន័យមួយរយភាគរយ ឲ្យស្របតាមច្បាប់ពន្ធដារថែមទៀត។

ទាក់ទិនបញ្ហានេះ លោក សន សុផល បញ្ជាក់ថា ចំពោះរថយន្តដែលមិនបានបង់ពន្ធផ្លូវ ឆ្នាំ២០១៨ គឺម្ចាស់យានជំនិះទាំងនោះ នឹងខាតបង់វិកាទ្វេដង ពោលគឺត្រូវបង់ប្រាក់ពន្ធទ្វេរមួយជាពីរ ព្រោះត្រូវខាតបង់ទៅលើប្រាក់ផាកពិន័យ។ លោកថា ថវិកាប្រមូលបានពីការផាកពិន័យរថយន្តអត់បង់ពន្ធផ្លូវ ឆ្នាំ២០១៨ ទាំងជាង៧០០គ្រឿងខាងលើនេះ គឺប្រមូលបានប្រាក់បង់ពន្ធ ចំនួន៣៧៦លានរៀល និងប្រាក់ពិន័យ៣៧៦លានរៀល។

លោក សន សុផល ឲ្យដឹងទៀតថា មន្ត្រីពន្ធដារខេត្តព្រះសីហនុ នឹងបន្តចុះដាក់ប៉ុស្តិ៍ត្រួត ពិនិត្យពន្ធផ្លូវលើមធ្យោបាយ យានជំនិះគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទើបបញ្ចប់ការចុះត្រួតពិនិត្យ។ ប៉ុន្តែក្នុងករណីមានការណែនាំថ្មីពីថ្នាក់លើ នឹងបន្តអនុវត្តការងារចុះត្រួតពិនិត្យពន្ធផ្លូវនេះ តាមពេលវេលាជាក់ស្តែង។ ត្រង់ចំណុចនេះ លោក សន សុផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៨ ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវនេះ ឲ្យបានគ្រប់គ្នាដើម្បីចៀសវាងខាតបង់ទាំងពេលវេលា និងខាតប្រាក់ផាកពិន័យធ្ងន់ធ្ងរ។

មន្ត្រីជំនាញរូបនេះ ផ្តាំផ្ញើថា ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ នឹងមិនអាចគេវេសពីកាតព្វកិច្ចបង់ពន្ធផ្លូវបាននោះទេ ព្រោះមន្ត្រីពន្ធដារ នៅតាមរាជធានីខេត្ត នៅទូទាំងប្រទេសកម្ពុជា នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យលើមធ្យោបាយយានយន្តរបស់លោកអ្នក នៅតាមផ្លូវសាធារណៈនានា ដោយមិនលើកលែងឡើយ។

ជាងនេះទៀត នៅពេលមន្ត្រីពន្ធដាររកឃើញ យានយន្តរបស់លោកអ្នកមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធផ្លូវនោះទេ នឹងត្រូវផាកពិន័យទ្វេដង ដែលនាំឲ្យខាតបង់ទាំងពេលវេលា និងត្រូវទទួលការផាកពិន័យអស់ថវិកាកាន់តែច្រើន។ ដូច្នេះប្រជាពលរដ្ឋគ្រប់ៗរូប មិនត្រូវគេចវេសមិនទៅបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវតាមឆ្នាំនីមួយៗនោះទេ៕