(ព្រៃវែង)៖ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ស សុខា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងជាប្រធានគណៈកម្មាការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង បានអះអាងថា សង្រ្គាន្តព្រៃវែង នៅឆ្នាំ២០១៩នេះ នឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណ២៣ម៉ឺននាក់ រយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
ការអះអាងបែបនេះរបស់លោក ស សុខា នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ នៅសាលប្រជុំសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
ជាមួយគ្នានេះដែរ លោក ស សុខា បានលើកឡើងថា ដោយសារបទពិសោធន៍ជោគជ័យ កាលពីឆ្នាំចាស់រួចមក ហើយនោះសង្ក្រាន្តព្រៃវែងឆ្នាំនេះ នឹងរៀបឲ្យមានទស្សនីយ៍ភាពកាន់តែច្រើន ហើយប្លែកជាងឆ្នាំមុនៗ។ គោលបំណង នៃការៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់ភាពសប្បាយ រីករាយ ជាលក្ខណៈប្រពៃណីខ្មែរ តាមរយៈការរៀបចំពិធីសាសនា ការតាំងបង្ហាញនូវផលិតផលខ្មែរ ទស្សនីយ៍ភាពសិល្បៈ ល្បែងប្រជាប្រិយ៍តាមប្រពៃណី និងទំនៀម ទម្លាប់ពីដូនតា ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ ពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿង របស់ខ្មែរតាំងពីបុរាណ។
លោកបានបន្តទៀតថា ខេត្តព្រៃវែង គឺជាខេត្តដែលកំសត់ជាងគេ ព្រោះមិនសូវមានសក្តានុពលផ្នែកទេសចរណ៍ដូចខេត្តផ្សេងៗឡើយ ពោលគឺពឹងផ្អែកលើវិស័យកសិកម្មតែមួយគត់។ ដូច្នេះរាល់បុណ្យទានម្តងៗ ក្រៅពីទៅវត្ត ប្រជាពលរដ្ឋហាក់បីដូចជាមិនបានទៅកំសាន្ត នៅកន្លែងណាផ្សេងនោះទេ។ ដូច្នេះព្រឹត្តិការណ៍សង្រ្គាន្តព្រៃវែងនេះ អាចបំពេរនូវភាពសប្បាយរីករាយ មួយផ្នែកសម្រាប់ពលរដ្ឋ និងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ក៏ដូចជាវប្បធម៌ជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ និងថែមទាំងផ្តល់នូវជំនឿចិត្ត ដល់ប្រជាពលរដ្ឋកាន់តែខ្ពស់លើ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ទន្ទឹមនឹងនេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានឱ្យដឹងដែរថា សង្រ្គាន្ត ព្រៃវែងឆ្នាំ២០១៩នេះ មានការរៀបជាស្តង់ពិពណ៌ជាតិ និងអន្តរជាតិ ប្រមាណជាង១០០ស្តង់ ក្នុងនោះមានស្តង់លក់ចំណីអាហារ មានកន្លែងប្រារព្ធពិធីសាសនា និងកម្មវិធីកម្សាន្ត ជាច្រើនទៀតដូចជា ការសម្តែងរបាំប្រពៃណី របាំត្រុដ្ឋ របាំជូនពរ និងទម្រង់របាំជាច្រើនទៀត ហើយចំណូលដែលបានមកពីការជួល ស្តង់ពីប្រជាពលរដ្ឋនោះ អាជ្ញាធរខេត្តទទួលបាន ប្រាក់ចំណូលជាង១លានដុល្លា ក្នុងការចែកជូនប្រជាពលរដ្ឋ និងអាជីវករ ដែលបានលក់ដូរ។ ម្យ៉ាងវិញបើធៀបទៅនឹងឆ្នាំមុនមកឆ្នាំនេះ អាជ្ញាធរខេត្ត រំពឹងទុកថាមិនខុសពីកន្លងនោះទេ។
លោកអភិបាលខេត្តបានបន្តទៀតថាចំពោះកងកម្លាំងសន្តិសុខសម្រាប់សង្រ្គាន្តព្រៃវែងនេះ គឺបានរៀបចំយុវជនតាមវិទ្យាល័យនានាចំនួន៦០០នាក់ និងកងកម្លាំងជាង២០០នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រជាពលរដ្ឋ និងបានត្រៀមកម្លាំង ដើម្បីសម្រួលចរាចរណ៍ ចំណតរថយន្ត សង្រ្គោះបឋម ឡានទឹក ឡានពេទ្យ បញ្ជាការស្រាល និងកម្លាំងសំរាប់សំអាតបរិស្ថាន។
កញ្ញា ខៀវ ភាវី ប្រធានក្រុមការងារប្រតិបត្តិរួមបានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារបានរៀបចំបានសម្រេច៨០% ហើយចំពោះទីតាំងឆ្នាំមុន ក្រុមការងារបានរៀបចំ៣ ទីតាំប៉ុន្តែឆ្នាំនេះ គឺក្រុមការងាបានរៀបចំប្រមូលផ្ដុំឱ្យនៅលើទីតាំងតែ១គត់ ដែលមាននៅលើសួនច្បារសម្ដេច ជា ស៊ីម វត្តសំសមី សាលាបឋមសិក្សា ព្រៃវែងក្រុង និងតំបន់សឹករង ហើយការរៀបចំនៅកម្មវិធីផ្សេងនោះក្រុមការងារបានបែងចែកតាមតំបន់នីមួយៗ ទាំងកម្មវិធីតន្ត្រី និងកម្មវិធី ល្បែង កំសាន្តផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា សង្ក្រាន្ត នៅទីរួមខេត្តព្រៃវែង កាលពីឆ្នាំកន្លងទៅ មានអ្នកចូលរួមប្រមាណជា ២៣ម៉ឺននាក់ ធ្វើឱ្យខេត្តមួយនេះ កាន់តែមានភាព អ៊ូអរថែមមួយកម្រិត។ ដំណាលគ្នានោះសហភាពសហព័ន្ធកម្ពុជា ខេត្តព្រៃវែង បានសហការជាមួយរដ្ឋបាលខេត្ត សាងសង់ទូកងឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ដែលទើបបំបែកកំណត់ត្រាកាលពីខែតុលាឆ្នាំ២០១៨។ បើតាមអភិបាលខេត្តសង្ក្រាន្តឆ្នាំចាស់បានបង្កើត ជាចំណូលក្នុងខេត្តប្រមាណ១លានដុល្លារអាមេរិក ហើយបែងចែកទៅប្រជាពលរដ្ឋ នៅក្នុងខេត្ត រួមមានអាជីវករជាដើម៕