(កំពង់ធំ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារផ្តល់សេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងបានជំរុញដល់មន្ត្រីដែលបម្រើការនៅតាមមន្ទីរពេទ្យខេត្តកំពង់ធំ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការយកចិត្តទុក្ខដាក់ ក្នុងការផ្តល់សេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ។

លើសពីនោះ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តយកចិត្តទុក្ខដាក់បន្ថែម ទៅលើការអនុវត្តនូវគោលនយោបាយ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការប្រើប្រាស់មូលនិធិសមធម៌ ក៏ដូចជា ការអនុវត្តន៍នូវគោលនយោបាយគាំពារ សុខភាពសង្គម តាមរយៈ ប.ស.ស ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី ក៏បានកោតសរសើរដល់មន្ត្រីសុខាភិបាលខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋបានយ៉ាងល្អ។

ជាងនេះទៅទៀត ក្នុងរដូវក្តៅនេះ រដ្ឋមន្ត្រីសុខាភិបាល បានជំរុញដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាអ្នកកំដរអ្នកជំងឺ ឱ្យចេះការពារខ្លួនកុំឱ្យមានជំងឺ នៅក្នុងរដូវក្តៅនេះដោយចេះការពារ និងសង្គ្រោះបឋមដោយ រួមមាន៖

*ទី១៖ ក្នុងរដូវក្ដៅ ធ្វើឱ្យយើងបាត់បង់នូវជាតិទឹក ដូច្នេះត្រូវពិសាទឹកឱ្យបានច្រើន និងចៀសវៀងការបរិភោគភេសជ្ជៈផ្អែម
*ទី២៖ កុំនៅក្រោមកំដៅថ្ងៃយូរពេក
*ទី៣៖ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើងៗ និងពណ៌ស្រាលៗ ដែលមិនសូវស្រូបកំដៅថ្ងៃ និងស្លៀកពាក់ខោអាវវែង ហើយពេលចេញទៅក្រៅត្រូវពាក់មួក និងប្រើឆ័ត្រ ដើម្បីការពារ
*ទី៤៖ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច ដោយការបរិភោគចំណីអាហារ ត្រូវស្អាត មានអនាម័យល្អ ទុកដាក់ម្ហូបឱ្យបានត្រឹមត្រូវ របស់ឆៅ របស់ស្រស់ ឱ្យមានរបៀបកុំនៅច្របូកច្របល់គ្នា ត្រូវចម្អិនម្ហូបឱ្យឆ្អិនល្អ កាលណារដូវក្ដៅអាហារងាយនឹងជូផ្អូម, ពិសាទឹក ទឹកនោះត្រូវតែស្អាតមានអនាម័យ និងទឹកឆ្អិន រួមទាំងត្រូវសម្អាតចង្រ្គាន និងបរិវេណជុំវិញដើម្បីជៀសវាងនូវការចម្លងរោគផ្សេងៗ
*ទី៥៖ ចៀសវាងពិសាអាហារក្ដៅ និងពិសាអាហារច្រើនពេក។

*វិធីសង្គ្រោះបឋម៖

*ទី១៖ អាកាសធាតុក្ដៅខ្លាំង កាលបើយើងប្រហេស ឬមិនបានយកចិត្ដទុកដាក់ អាចនឹងបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែយើងខ្សោះជាតិទឹក បាត់នូវសាធាតុរ៉ែ ធ្វើឱ្យយើងដួលសន្លប់ កុំទុកគាត់យូរ ត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតគាត់ សម្រាប់អ្នកដួលសន្លប់ ត្រូវដាក់អ្នកជំងឺ ឱ្យសម្រាក ដោយលើកជើងគាត់ឡើងលើបន្ដិច ឬកលជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដាក់នៅក្រោមម្លប់ដែលត្រជាក់
*ទី២៖ ដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺចេញ
*ទី៣៖ ឱ្យអ្នកជំងឺពិសាទឹក ឬទឹកដែលមានជាតិរ៉ែ ឬក៏អាចផ្ដល់ទឹកដែលយើងអាចធ្វើបាន ដោយលាយអំបិល១ស្លាបព្រាបកាហ្វេ ជាមួយទឹក២៥ស្លាបព្រាបាយ មិនត្រូវផ្ដល់នូវភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬជាតិស្រាឡើយ
*ទី៤៖ ដណ្ដប់អ្នកជំងឺដោយក្រណាត់សើម ដោយប្រើទឹកធម្មតា។

ព្រមជាមួយគ្នានេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យរួចជាស្រេច ចាំជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើករណីណាមួយ ដោយអាកាសធាតុក្តៅនេះ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសុខាភិបាល ក៏បានក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសលើកុមារ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច ត្រូវសម្អាតខ្លួនប្រាណ លាងដៃ ដើម្បីជៀសផុតពីជំងឺសើស្បែក ពងបែក ជាពិសេសជំងឺឆ្លងផ្សេងៗ។

សូមជម្រាបផងដែរថា ក្នុងឱកាសដឹកនាំក្រុមការងារ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលសុខភាព នៅតាមមន្ទីរពេទ្យបង្អែកទាំង៣ ក្នុងខេត្តកំពង់ធំផងដែរ៕