(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានថ្លែងថា កម្ពុជា-វៀតណាម នឹងបន្តរួមចំណែកពូនជ្រំ ពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងមានផ្លែផ្កាពិតប្រាកដ។

ការលើកឡើងបែបនេះ របស់លោកស្រី ឃួន សុដារី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកស្រី តុង ធិហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកស្រីបានបន្តថា គោលបំណងនៃការបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីផ្លាស់ប្តូរ បទពិសោធន៍ទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-វៀតណាម ក្នុងនោះ រួមមានការផ្លាស់ប្តូរបទពិសោធន៍ ផ្នែកនយោបាយ ការបរទេសសភា ក៏ដូចជាការស្នើសុំឱ្យភាគីវៀតណាម ចែករំលែកនូវបទពិសោធន៍ក្នុងការរៀបចំប្រជុំអាសិប និងអាសិម (ASEP, ASEM) ដែលប្រទេសវៀតណាម ធ្លាប់បានធ្វើជាម្ចាស់ផ្ទះទទួលជោគជ័យកន្លងមក ហើយដែលកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ខាងមុខនេះ។

លោកស្រីបានបន្ថែមថា បន្ថែមទៅទៀតនោះ គឺចង់ស្វែងយល់ដោយផ្ទាល់ពីសន្ទុះរីកចម្រើនដោយឥតឈប់ឈរ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រជាជនសម្រេចបាន។ ជាពិសេសបន្តរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាព ភាតរៈភាព និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនិងជាប្រពៃណី រវាងប្រជាជាតិយើងទាំងពីរ ឱ្យបានគង់វង្ស រឹងមាំជាអមតៈ នឹងប្រែក្លាយប្រទេសយើងទាំងពីរជាដៃគូយុទ្ធសាស្ត្រសម្រាប់ថ្ងៃអនាគត។

លោកស្រី ឃួន សុដារី ក៏បានលើកឡើងផងដែរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ដែលផ្តើមចេញពីការតភ្ជាប់ទំនាក់ទំនងការទូត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ និងត្រូវបានផ្តាច់ក្នុងឆ្នាំ១៩៧០ ហើយ ត្រូវបានតភ្ជាប់ឡើងវិញនៅខែ មករាឆ្នាំ១៩៧៩មក ប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្ត និងបំណងប្រាថ្នារួម ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយរវាងប្រទេសយើងទាំងពីរបាននឹងកំពុងបន្តរីកចម្រើនឥតឈប់ឈរ រួមចំណែកដល់សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។

លោកស្រីបានបន្តទៀតថា ជាការពិតណាស់ ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យរយៈពេល៤០កន្លងទៅ របស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរបានឡើយ។

គួរឱ្យកត់សម្គាល់ លោកស្រី តុង ធិហ្វុង បានអបអរសាទរ និងវាយតម្លៃខ្ពស់ដល់កម្ពុជា ដែលបានរៀបចំប្រកបដោយជោគជ័យ នូវការបោះឆ្នោតសាកល នីតិកាលទី៦ កាលពីឆ្នាំ២០១៨ ហើយក៏សូមអបអរសាទរផងដែរដែលសភាកម្ពុជា បានទទួលជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំ APPF កាលពីដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

លោកស្រី តុង ធិហ្វុង ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេសកម្ពុជា-វៀតណាម កិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសទាំងពីរ ក៏ដូចជាស្ថានទូតនៃប្រទេសទាំងពីរដែលបានរួមចំណែកតភា្ជប់ឱ្យមានដំណើរ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានាពេលនេះ។

លោកស្រី តុង ធិហ្វុង បានបន្ថែម អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាជាស្រ្តីនៃប្រទេសទាំងពីរ ដោយគ្រោងនឹងរៀបចំ ឱ្យមានជាដំណើរទស្សនកិច្ចជាផ្លូវការរបស់ក្រុមសភាជាតិជាស្រ្តី នៃប្រទេសទាំងពីរ ឬរៀបចំឱ្យមានសិក្ខាសាលា ដើម្បីផ្លាស់បទពិសោធន៍ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិកជាស្រ្តីនៃរដ្ឋសភាកម្ពុជា-វៀតណាម។

ជាចុងក្រោយ លោកស្រី តុង ធិហ្វុង បានលើកសរសើរគណៈប្រតិភូរដ្ឋសភាកម្ពុជានាពេលនេះ គឺពិតជាមានកិត្តិយស និងមោទនភាពជាទីបំផុត ដោយដំណើរទស្សនកិច្ចនាពេលនេះ មានសមាជិករដ្ឋសភាជាស្រ្តីជាច្រើនរូបបានអញ្ជើញមកដែលនេះជាបទពិសោធន៍ដ៏ល្អមួយ សម្រាប់រដ្ឋសភាវៀតណាម៕