(កំពង់ស្ពឺ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣៖០៦នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយទី៥ (GS5) ទៅអនុស្ថានីយកំពង់ស្ពឺ (GS KPS) មូលហេតុដោយសារ រថយន្តចាក់បេតុងរបស់ក្រុមហ៊ុន SRUN MONG CONCRETE លើកសន្ទូចប៉ះខ្សែបណ្ដាញតង់ស្យុងខ្ពស់ (HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១) ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (២) សង្កាត់កំបូល (៣) សង្កាត់កន្ទោក (៤) សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៥) ផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថាទៀតថា ក្រុមការងារបច្ចេកទេសបានធ្វើការស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៤៖៥៨នាទីរសៀល។ ការដាច់ចរន្តនេះ បានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន១៧មេហ្គាវ៉ាត់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕