(ព្រះវិហារ)៖ មន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មានរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់សហភាពសហគមន៍កសិកម្មមានជ័យ ព្រមទាំងការប្រកាសផ្ទេរភារកិច្ចមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ចាប់ពីនាយសង្កាត់រដ្ឋបាលព្រៃឈើ ដល់នាយរងផ្នែករដ្ឋបាលព្រៃឈើផងដែរ។
ពិធីនេះមានការចូលរួមពីលោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោក ជា សាំងដូណា ប្រធាននាយកដ្ឋានសហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ ភាច ប្រធាននាយកដ្ឋានកសិ ឧស្សាហកម្ម លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ តំណាងក្រុមហ៊ុនកសិកម្ម និងប្រជាសហគមន៍ជាច្រើនរូបទៀត។
លោក ពឹង ទ្រីដា បានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុប៤៣សហគមន៍ ដែលមានការសម្របសម្រួល ដោយការិយាលយ័អភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្ម ស្របច្បាប់ដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារ។
លោកបន្តថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ សហគមន៍កសិកម្មទូទាំងខេត្ត មានសមាជិកសរុប៩២៨៥នាក់ ក្នុងនោះដែរមុខរបរសំខាន់ៗ របស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទានសាច់ប្រាក់ ផ្គត់ផ្គង់សម្ភារកសិកម្ម ការប្រើប្រាស់សេវារួមគ្នាចែកចាយទឹកស្អាត និងទីផ្សារស្រូវនិងដំឡូងមីសរីរាង្គ។
លោកថា ក្រៅមានសហគមន៍ផលិតស្រូវសរីរាង្គ ក៏មានសហគមន៍៨ ក្នុងចំណោមសហគមន៍ផលិតស្រូវសរីរាង្គ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ដំឡូងមីសរីរាង្គ ឲ្យក្រុមហ៊ុនសាជីវកម្មសហគមន៍ កសិកម្មផងដែរ។ នេះក៏ដោយសារលក្ខខណ្ឌអំណោយផល ធ្វើឲ្យប្រជាកសិករក្នុងខេត្តព្រះវិហារជាច្រើន ដាំដំណាំមិនប្រើប្រាស់ជី និងសារធាតុគីមីផ្សេងៗ ពិសេសគឺដំណាំស្រូវ និងដំឡូងមី ជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការអនុវត្តលើដំណាំសរីរាង្គ។
លោក លី សារ៉ារិទ្ធ ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ បានសម្តែងនូវការអរគុណផងដែរ ចំពោះទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) ដែលគាំទ្រថវិកាដល់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ក្នុងការអនុវត្តគម្រោងមួយហៅថា គម្រោងគាំទ្រពាណិជ្ជនីយកម្មស្រូវអង្ករកម្ពុជា (SCCRP) ដើម្បីជម្រុញលើវិសយ័ស្រូវអង្ករនៅកម្ពុជា។ ពិសេសគម្រោងនេះបានជួយសម្របសម្រួល និងគាំត្រថវិកាក្នុងការបង្កើតសហភាពទី១នេះឡើង ដោយមានការសហការយ៉ាងល្អពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ទាំងក្នុង និងក្រៅរដ្ឋាភិបាលដែលបានធ្វើជាដៃគូ និងបានគាំទ្រដល់សហភាព សហគមន៍កសិកម្មកន្លងមកដូចជា ក្រុមហ៊ុនអេមរុរាយស៍ ក្រុមហ៊ុនស៊ីកនេតឈរ័ អហ្វ អេស៊ា អង្កការស្មគ្រ័ចិត្តអន្តរជាតិ នៃយ៉ាម៉ាកាតា (IVY) អង្កការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន...ជាដើម។
ដោយឡែក ចំពោះមន្ត្រីរដ្ឋបាលព្រៃឈើ ដែលត្រូវប្រកាសផ្ទេភារកិច្ចនៅថ្ងៃនេះរួមមាន នាយរងផ្នែករដ្ឋបាលព្រៃឈើ និងនាយសង្កាត់រដ្ឋបាលព្រៃឈើ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងគោលបំណងទប់ស្កាត់បទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ធិភាព៕