(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះ បានចុះព័ទ្ធយានដ្ឋានតម្លើង និងតរថយន្តមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ដោយឃាត់បានរថយន្ត១៥គ្រឿងចង្កូតឆ្វេង ក្នុងនោះ មានរថយន្ត៣គ្រឿងតម្លើងហើយ១០០ភាគរយ ដែលមួយគ្រឿងពាក់ផ្លាកលេខក្លែងក្លាយ រីឯ១២គ្រឿងទៀតកំពុងតម្លើង និងត។
មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះថា រថយន្តទាំងនេះមានឆ្នាំផលិតពី២០០៤ ដល់២០១១ និងមានម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid) ហើយយើងបានស្ទូចដឹកយកមករក្សាទុកក្នុងឃ្លាំង។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ អំពាវនាវឲ្យយានដ្ឋាន ដែលធ្វើសកម្មភាពយកបំណែក ឬគ្រឿងបន្លាស់មកតជារថយន្ដទេសចរណ៍ និងយានដ្ឋានដែលយកគ្រឿងបន្លាស់ មកតម្លើងជារថយន្ដដឹកចង្កូតស្ដាំខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់៕