(ភ្នំពេញ)៖ លោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ នឹងបើកឲ្យចរាចរណ៍ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ។

ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានបង្ហាញនៅក្នុងវីដេអូ ប្រមាណ៦០វិនាទី ដែលលោកទូតជប៉ុន និយាយអំពីការបញ្ចប់ការជួសជុលស្ពានជ្រោយចង្វារ និងការដាក់ឲ្យដំណើរការ ជាបណ្តោះអាសន្ន មុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ បង្ហោះនៅក្នុង Facebook Page ផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ហ៊ីដេហ៊ីសា ហូរីនូឈី បានបញ្ជាក់យ៉ាងដូច្នេះថា «ការជួសជុលស្ពាននេះ ពុំមានបង្កគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ។ ស្ពាននេះនឹងត្រូវបើកឲ្យដំណើរការ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមការងារជួសជុល យើងបានប្រើប្រាស់បច្ចេកវិទ្យាជប៉ុនចុងក្រោយ»។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ គ្រោងនឹងដាក់ឲ្យដំណើរការឡើងវិញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង៩៧១ម៉ែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

ស្ពាននេះ ត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។

ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ដំណើរការជួសជុលឡើងវិញនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញ សម្រេចបាន៩៧ភាគរយហើយ៕