(ភ្នំពេញ)៖ លោក ហ្គេតង់ ម៉ូរីស័រ ប្រធានក្រុមហ៊ុនចំណីសត្វ ប្រេសង់ អះអាងថា ឆ្នាំនេះអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា មានក្ដីសប្បាយរីករាយខ្លាំងណាស់ ដោយសារតម្លៃជ្រូកកើនឡើងខ្ពស់ ដោយមានតម្លៃរហូតដល់១០,៥០០រៀលក្នុងមួយគីឡូ។

ការអះអាងបែបនេះរបស់លោក ហ្គេតង់ ម៉ូរីស័រ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ ដើម្បីថ្លែងអំណរគុណដល់តំណាងចែកចាយ របស់ក្រុមហ៊ុនចំណីសត្វ ប្រេសង់ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

លោក ហ្គេតង់ ម៉ូរីស័រ ឲ្យដឹងថា ការកើនឡើងនៃតម្លៃជូ្រកនៅក្នុងឆ្នាំនេះ បានធ្វើឲ្យអ្នកចិញ្ចឹមសត្វចាប់ផ្ដើមទិញចំណី ដែលមានគុណភាពល្អ ដើម្បីទទួលបានទិន្នផល និងប្រាក់ចំណេញ ក្នុងនោះចំណីសត្វរបស់ក្រុមហ៊ុនប្រេសង់ ជាចំណី ដែលមានគុណភាពខ្ពស់ និងឈានមុខក្នុងការបម្រើជូនអតិថិជន។

លោកបន្ដថា ក្រុមហ៊ុនលក់ចំណីសត្វប្រេសង់ ជាចំណីដែលជាប់ចំណាត់ថ្នាក់លេខ៤ លើទីផ្សារចំណីជ្រូក។

លោកបន្ថែមថា ក្រុមហ៊ុនប្រេសង់បានឈានជើងចូលកម្ពុជា រយៈពេលជាង១ឆ្នាំហើយ។ ចំណែកឯការលក់សម្រាប់ឆ្នាំ២០១៨វិញ មានការកើនឡើងរហូតដល់៧៥% ហើយក្រុមហ៊ុនសង្ឃឹមថា ការលក់ចំណីសត្វរបស់ក្រុមហ៊ុនប្រេសង់ នឹងមានការកើនឡើងជាបន្ដបន្ទាប់ទៀត។

លោកបន្ដថា ទោះបីបច្ចុប្បន្ននេះកម្ពុជាត្រូវនាំចូលសាច់ជ្រូក ឬសាច់មាន់ពីប្រទេសជិតខាងក្ដី ក៏ក្រុមហ៊ុននៅតែបន្ដភាពជឿជាក់ថា ការលក់ចំណីសត្វនៅកម្ពុជា មានភាពជោគជ័យ និងកើនឡើងបន្ថែមទៀត។

លោកបន្ថែមថា ការលក់កើនឡើងរបស់ក្រុមហ៊ុនប្រេសង់ ដោយសារតែ ការខិតខំប្រឹងប្រែងរបស់បុគ្គលិកក្រុមហ៊ុន ព្រមទាំងតំណាងចែកចាយទូទាំងប្រទេសកម្ពុជា និងការជឿជាក់លើចំណីសត្វប្រេសង់របស់អតិថិជន។

លោកឲ្យដឹងថា ជាក់ស្ដែងនៅថ្ងៃនេះ ដើម្បីថ្លែងអំណរគុណ ដល់តំណាងចែកចាយដែលខិតខំប្រឹងប្រែងលក់ ក្រុមហ៊ុនបានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំមួយ ដោយមានការចូលរួមពីតំណាងចែកចាយចំនួន៤០០នាក់ផងដែរ។

សូមបញ្ជាក់ថា ចំណីសត្វប្រេសង់ ជាចំណីសត្វរបស់ក្រុមហ៊ុន ណេអូវីយ៉ាង ដែលថ្មីៗនេះបានក្លាយជាផ្នែកមួយនៃក្រុមហ៊ុនចំណីសត្វ ADM ដែលជាក្រុមហ៊ុនផ្គត់ផ្គងចំណីសត្វជាច្រើនប្រភេទ៕