(ស្វាយរៀង)៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាប និងឃាត់រថយន្តដឹកជ្រូក០៣គ្រឿង សរុប១៤៦ក្បាល ដែលជ្រូកទាំងនោះត្រូវបានសង្ស័យថា ជានាំជ្រូកឆ្លងដែនពីប្រទេសវៀតណាម។
បន្ទាប់ពីឃាត់រួច សមត្ថកិច្ចបានប្រគល់ឲ្យមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
រថយន្តទី១ ម៉ាកហ៉ីយិនដាយ ពាក់ស្លាកលេខភ្នំពេញ 3C: 2460 មានជ្រូក៣៥ក្បាល, រថយន្តទី២ ម៉ាក TOYOTA HiLuX ពាក់ស្លាកលេខកំពង់ចាម 2C: 2207 មានជ្រូក៧ក្បាល និងរថយន្តទី៣ ម៉ាក FUSO ពាក់ស្លាកលេខស្វាយរៀង 3A: 0906 របស់ក្រុមហ៊ុនស៉ីភី (CP) មានជ្រូកចំនួន១០៤ក្បាល។ ដោយសង្ស័យថា ជាជ្រូកវៀតណាមដែលមានជំងឺ និងនាំចូលដោយខុសច្បាប់ ក៏ត្រូវបានចាប់បញ្ជូនទៅមន្ទីរកសិកម្មខេត្ត ហើយបានបូមឈាមយកទៅពិនិត្យ នៅមន្ទីរពិសោទរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តឈាម។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីចាប់ឃាត់រថយន្តដឹកជ្រូកនេះ បានកើតឡើងនៅវេលាម៉ោង៣៖៤០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វាវត្តត្រពាំងធំ ស្ថិតនៅភូមិត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែកចំនួន២គ្រឿង សត្វជ្រូករស់ចំនួន៤២ក្បាល ក្នុងនោះរថយន្តម៉ាកហ៉ីយិនដាយ ពាក់ស្លាកលេខភ្នំពេញ 3C.2460 ដឹកជ្រូក៣៥ក្បាល, រថយន្តម៉ាក TOYOTA ហីលុចពាក់ ស្លាកលេខកំពង់ចាម 2C: 2207 ដឹកជ្រូក៧ក្បាល នៅផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង, និងឃាត់រថយន្តម៉ាកFUSO ពាក់ស្លាកលេខស្វាយរៀង 3A: 0906 ដឹកជ្រូក១០៤ក្បាល។
បើតាមមន្រ្តីនគបាលមូលដ្ឋានឃុំអង្គប្រស្រែបានឲ្យដឹងបន្តថា ការបង្ក្រាបនេះបានធ្វើឡើលង ដោយសារឃើញមានក្រុមឈ្មួញខិលខូច បាននាំជ្រូកពីប្រទសវៀតណាម ឆ្លងដែនចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែ ស្រុករមាសហែក ដឹកតាមម៉ូតូរួចមកសាងដាក់ម៉ូតូរ៉ឺម៉ក និងរថយន្តរថយន្តក្នុងមួយយប់ៗ មានរ៉ឺម៉កចាប់ពី៣០គ្រឿង ទៅ៣៥គ្រឿង ក្នុង១គ្រឿង១០ក្បាល ហើយបើរថយន្តទាំងនោះដឹកកូនជ្រូកវិញ ដាក់បានដល់ទៅ ៣៥ក្បាលទៅ៤០ក្បាល។
មន្ត្រីនគរបាលដដែលបន្តថា ឈ្មួយខិលខូចបានដាក់សាង (ផ្លាស់ប្តូរ) នៅចំណុចខាងកើតវត្តត្រពាំងធំ និងកែងវត្តត្រពាំងព្រីង គឺចាប់ពី ៣០០ក្បាលទៅ៤០០ក្បាល (មានជ្រូកតូចសម្រាប់ខ្វៃ និងជ្រូកធំ)។ ហើយឈ្មួញខិលខូច បានចាប់ផ្តើមនាំជ្រូកវៀតណាម ចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែនេះ រយៈពេល៤ថ្ងៃមកហើយ ចាប់ពីថ្ងៃទី១៩ មីនា ២០១៩មក។
រីឯបុរសម្នាក់បានប្រាប់ឲ្យដឹងថា ខ្លួននិងមនុស្សផ្សេងទៀត ជាអ្នកស៉ីឈ្នួលដឹកជ្រូកឲ្យឈ្មួញពីព្រំដែនវៀតណាម មកដល់រថយន្ត គឺមួយក្បាលតម្លៃ១ម៉ឺនរៀល។
ទាក់ទិនករណីឃាត់រថយន្តដឹកជ្រូកត្រួតពិនិត្យនេះ លោក ហ៊ុន សារ៉េតថន មន្រ្តីចល័តការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ការចាប់ឃាត់រថយន្តដឹកជ្រូកនេះ ដោយមានការសង្ស័យថានាំជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជាក្នុងរដ្ឋបាលខេត្តស្វាយរៀង ដែលជ្រូកវៀតណាមមានផ្ទុះជំងឺប៉េសអាហ្វ្រិកធ្ងន់ធ្ងរ ទើបមន្រ្តីជំនាញសហការជាមួយមន្រ្តីគយ និងរដ្ឋាករសាខាខេត្តស្វាយរៀង និងមន្ត្រីនគបាលស្រុកប៉ុស្ត៍រដ្ឋបាលឃុំ ចុះល្បាតតាមព្រំដែនដើម្បីឃ្លាំមើលទប់ស្កាត់ និងបង្ក្រាប។
លោក ហ៊ុន សារ៉េតថន បានបន្តថា បើតាមអជីវករម្ចាស់ជ្រូក បានអះអាងថា គាត់ទិញពីប្រជាពលរដ្ឋក្នុងស្រុក ក៏ប៉ុន្តែជ្រូកមួយចំនួន គឺទិញតាមម៉ូតូទើបមានការសង្ស័យថា នាំជ្រូកពីប្រទេសវៀតណាម ទើបឃាត់យកទៅពិនិត្យ។ លោកថា បើឈ្មួញទិញជ្រូកតាមផ្ទះ ត្រូវមានសំណើពីម្ចាស់ជ្រូក និងមានចុះហត្ថលេខាពីលោកមេភូមិ, មន្ត្រីពេទ្យសត្វភូមិ ពេទ្យសត្វស្រុក និងការិយាល័យផលិតកម្ម និងបសុព្យាបាលពិនិត្យទើបអនុញ្ញាតិឲ្យនាំចេញបាន។
លោកបន្ថែមថា ជ្រូកក្រុមហ៊ុន CP ១០៤ក្បាលនោះ គឺដឹកមកពីកសិដ្ឋាន CP ខេត្តត្បូងឃ្មុំ ដែលមានច្បាប់ដឹកជញ្ជូនតែ ៩០ក្បាលប៉ុណ្ណោះ គឺដឹកខុសច្បាប់លើស ១៤ក្បាល និងសង្ស័យបង្កប់ជ្រូកនាំចូលពីប្រទេសវៀណាម ដោយក្នុងច្បាប់ដាក់ថានៅខេត្តស្វាយរៀង ៤៥ក្បាល ដាក់នៅខេត្តព្រៃវែង ២៥ក្បាល ដាក់នៅខេត្តកណ្តាល២០ក្បាល។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញបានបូមឈាមជ្រូកទាំងអស់ យកទៅពិនិត្យមេរោគ នៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ហើយបើរកឃើញលទ្ធផលមានជំងឺ នឹងកម្ទេចចោលហើយបើគ្មានជំងឺទេ នឹងផាកពិន័យតាមច្បាប់ និងប្រគល់ឲ្យម្ចាស់វិញ។
លោក ហ៊ុន សារ៉េតថន អះអាងទៀតថា លោកបានដាក់មន្ត្រីចុះអង្កេតឡើងវិញថា តើឈ្មួញអះអាងថា ទិញពីប្រជាពលរដ្ឋក្នុងស្រុកនោះមានពិតមែន ឬអត់ ប៉ុន្តែពេលចុះដល់ផ្ទះអ្នកដឹកជ្រូក ពួកគាត់ឆ្លើយថាទិញកន្លែងផ្សេង រីឯអ្នករត់ការឆ្លើយផ្សេង ហើយថៅកែជ្រូកឆ្លើយផ្សេង ក្រោយមកពេទ្យសត្វភូមិឆ្លើយផ្សេងទៀតខុសគ្នា ហើយទីតាំងមួយចំនួនដែលប្រាប់ថា ទិញពីប្រជាពលរដ្ឋឈ្មោះនោះ គឺគ្មានចិញ្ចឹមជ្រូកសោះ។ ដូច្នេះការសន្និដ្ឋានរបស់មន្រ្តីចម្រុះគឺ ជ្រូកខ្លះមានច្បាប់ជ្រូកមួយចំនួនគ្មានច្បាប់ ទិញតាមម៉ូតូសង្ស័យជាជ្រូកវៀតណាម៕