(កំពង់ចាម)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងស្ថាប័នមួយចំនួនទៀត បានរួមគ្នាធ្វើការឆ្លើយតប នឹងការប្រែប្រួលនៃអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលរួមប្រារព្ធទិវា ទឹកស្អាតពិភពលោក តាមរយៈការ ដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ១៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
នៅក្នុងពិធីសម្ពោធ មានការចូលរួមជាអធិបតីពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Michael Newbill ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា លោក Mark Steele នាយកប្រតិបត្តិ នៃអង្គការ Planet Water និង លោកអ៊ូត ចាន់ឌី នាយកផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
លោក អ៊ូត ចាន់ឌី បានថ្លែងថា «ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការតម្លើងប៉មចម្រោះទឹកស្អាតថ្មី ក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹង ជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍ អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំ រយៈពេល៥ឆ្នាំ។ អង្គការ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់»។
លោក អ៊ូត ចាន់ឌី បានបន្តទៀតថា «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាព ដែលបានចូលរួមចំណែក ក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាត មកកាន់សាលារៀន និងសហគមន៍ជាច្រើន នៅទូទាំងពិភពលោក»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វត្តមានរបស់ប៉មចម្រោះទឹកស្អាតនេះ ពិតជាមានសារៈសំខាន់ និងផ្តល់នូវគុណប្រយោជន៍ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរទាំងមូល ជាពិសេសនៅក្នុងរដូវក្តៅឆ្នាំនេះ ដែលអាកាសធាតុមានការប្រែប្រួល (កើនឡើងកំដៅខ្លាំង) ហើយមានតម្រូវការប្រើប្រាស់ទឹកស្អាតច្រើន។
លោក បានថ្លែងថា «ការវិនិយោគរបស់ក្រុមហ៊ុន Coca-Cola កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដែលមិនត្រឹមនាំមកវិបុលភាព សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកប្រាក់ចំណេញ ប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសកម្មភាពមនុស្សធម៌នានា តួយ៉ាងដូចជា ការគាំទ្រមូលនិធិទឹក «Water Planet Foundation» ក្នុងការអនុវត្តកម្មវិធី អប់រំសុខភាព និងអនាម័យទឹកស្អាតជាដើម ហើយពិសេសជាងនេះទៀត ការរីកចម្រើនរបស់ ក្រុមហ៊ុន បានជួយបង្កើតការងារក្នុងស្រុក ប្រមាណជាង ៩០០កន្លែង ផងដែរ»។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី១ ដែលបានតម្លើងដោយក្រុមហ៊ុន កូកា-កូឡា នៅក្នុងឆ្នាំ២០១៩នេះ បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន១៥ផ្សេងទៀត ដែលក្រុមហ៊ុន បានតម្លើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water។
ប៉មចម្រោះទឹកស្អាតនេះ ក៏ជាផ្នែកមួយនៃគម្រោង «Project 24» របស់មូលនិធិ Planet Water ដែលមានការតម្លើងប៉មចម្រោះទឹកស្អាតចំនួន២៤កន្លែង ក្នុងរយៈពេល២៤ម៉ោង នៅតាមបណ្ដាសហគមន៍នានា ជុំវិញពិភពលោក ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសមួយចំនួនទៀត នឹងទទួលបានប៉មចម្រោះទឹកស្អាត ពីគម្រោង «Project 24» នៅក្នុងឆ្នាំនេះដែរ រួមមាន ឥណ្ឌូនេស៊ី ឥណ្ឌា និងហ្វីលីពីន។
ក្រុមហ៊ុនកូកា-កូឡា បានឲ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន៦ទៀត នឹងត្រូវតម្លើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឲ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ១៥ ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៤,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ ប្រមាណជាង៤០,០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាត ចំនួន៧បន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ៕