(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៨-២០១៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។
គោលបំណងនៃការធ្វើសន្និបាតនេះ គឺដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពនយោបាយយុទ្ធសាស្ត្រកម្មវិធី អនុវត្តកម្មវិធី របស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ការបំពេញការងាររបស់អនុវិស័យ ការអនុវត្តកម្មវិធីកំណែទម្រង់១៥ចំណុច និងធ្វើការពិគ្រោះយោបល់លើប្រធានបទ និងគោលនយោបាយអាទិភាពមួយចំនួន ព្រមទាំងផ្តល់អនុសាសន៍គន្លឹះ សម្រាប់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្រសួងអប់រំបានឱ្យដឹងថា សម្រាប់កម្មវិធីបើកសន្និបាតនឹងប្រព្រឹត្តឡើងក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់កម្មវិធីបិទនឹងប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដូចខាងក្រោម៖