(ព្រះសីហនុ)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក នេន ចំរើន បានឲ្យដឹងថា មានក្រសួងចំនួន៣ បានសហការគ្នា ដាំកូនកោងកាងប្រមាណ១ម៉ឺន៥ពាន់ដើម ចូលទៅក្នុងប្រឡាយ ឬអូរទឹកស្អុយ១កន្លែង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកបន្តថា គោលបំណងនៃការរួមគ្នាដាំកូនកោងកាង ចូលទៅក្នុងប្រឡាយបង្ហូរទឹកស្អុយខាងលើនេះ ប្រយោជន៍ដើម្បីកាត់បន្ថយជាតិពុល ឬកាត់បន្ថយក្លិនស្អុយ ដែលភាយចេញពីក្នុងប្រឡាយទឹកស្អុយនេះ បន្ទាប់ពីអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានយកគ្រឿងចក្រមកស្តារយកសំរាម ដែលកកស្ទះចេញពីក្នុងអូរនេះកាលពីពេលថ្មីៗ។
ចំណុចនេះ លោក នេន ចំរើន បញ្ជាក់ថា សកម្មភាពចុះដាំកូនកោងកាងនេះ បានអនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំក្រសួងចំនួន៣រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងមានការចង្អុលបង្ហាញពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ ឲ្យដឹងបន្តថា សកម្មភាពដាំកូនកោងកាង ចូលទៅក្នុងប្រឡាយទឹកស្អុយ ឆ្លងកាត់ទីប្រជុំជនក្រុងព្រះសីហនុនេះ ក្រុមការងារបានចាប់ផ្តើមដាំជាបណ្តើរៗកាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ម្សិលមិញមកម៉្លេះ។ លោកបន្តថា សម្រាប់ពិធីដាំកូនកោងកាងជាលក្ខណៈទ្រង់ទ្រាយធំ និងមានការចូលរួមពីថ្នាក់ដឹកនាំតំណាង ក្រសួងរៀបចំដែនដី, ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ខាងមុខ។
ប្រឡាយឬអូរទឹកស្អុយ ដែលមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ កំពុងដាំកូនកោងរាល់ថ្ងៃនេះ មានទីតាំងនៅខាងក្រោយ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក នេន ចំរើន មានជំនឿថា នៅពេលកូនកោងកាងជាង ១ម៉ឺនដើម បានដាំរួចរាល់ជាស្ថាពរហើយ ដើមកោងកាងទាំងនោះដុះលូតលាស់ធំឡើង ទំនងជាប្រឡាយទឹកស្អុយនេះ នឹងមានបរិស្ថានអនាម័យ ព្រមទាំងសោភ័ណភាព បានល្អប្រសើរជាងបច្ចុប្បន្ន។ ជាពិសេស ទំនងជាអាចកាត់បន្ថយក្លិនស្អុយ បានមួយកម្រិតផងដែរ៕