(ស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូព្រលះគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ ជាបុគ្គលិកកាស៊ីណូស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នាវេលាម៉ោង២៣៖៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ១២៩/១៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានរថយន្ដដឹកអ្នកដំណើរ ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 3A-0413 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកជាមួយម៉ូតូពេញទំហឹង ខណៈនោះអ្នកបើកបររថយន្ត បានរត់គេចពីកន្លែងកើតហេតុបន្សល់ទុករថយន្ដ រថយន្ដខូចខាតស្រាល។

សមត្ថកិច្ច បានបន្ដថា ចំណែកឯជនរងគ្រោះ បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1M-7216 បើកបរដោយឈ្មោះ អ៊ុក វិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ «ក្រោន» រស់នៅភូមិស្វាយប៉ោ ឃុំ ត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូខូចខាតធ្ងន់។

បច្ចុប្បន្ន វត្ថុតាងខាងលើនេះ ត្រូវបានរក្សាទុកនៅការិយាល័យចរាចរណ៍ ខេត្តស្វាយរៀង រីឯសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ អ្នកបើកបររថយន្ដមិនប្រកាន់ស្ដាំ៕