(ព្រះវិហារ)៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងឃុំ២ នៃស្រុកគូលែន និងសាលារៀនមួយខ្នង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានខ្យល់បោកបក់ បណ្តាលឲ្យរងការខូចខាតរបើកដំបូល និងខូចខាតសម្ភារជាច្រើនទៀត ព្រមទាំងរងរបួសមនុស្សម្នាក់ផងដែរ។
ករណីនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិរំចេក ឃុំស្រយ៉ង់ ភូមិក្តាត់ ឃុំត្បែងពីរ ស្រុកគូលែន និងវិទ្យាលយ័តេជោ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះថា ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង នៅក្នុងឃុំស្រយ៉ង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានរងការខូចខាតដោយខ្យល់កន្ត្រាក់វាយបោកបក់ បណ្តាលឲ្យរបើកដំបូល ប៉ុន្តែហេតុការណ៍នេះ ពុំបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ដោយឡែកនៅវិទ្យាល័យតេជោ ហ៊ុន សែនជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក៏បានរងការខូចខាតសម្ភារជាច្រើន និងរងរបួសលោកនាយកសាលាម្នាក់ ដោយហេតុការណ៍ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ក្នុងនោះរួមមាន៖ ខូចខាតដោយរបើកដំបូលក្បឿងសាលារៀន ទីចាត់ការរបើកដំបូល បាក់របងទ្វារសាលា ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងសាលារងការខូចខាត។
ជាមួយគ្នានោះ លោក វ៉ា ម៉ៅ នាយកវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត បានរងរបួសធ្ងន់ធ្ងរស្មាខាងឆ្វេង និងជើង ត្រូវនិងទ្វារកញ្ចក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត៕