(ស្វាយរៀង)៖ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៣នាក់ និងថ្នាំញៀនចំនួន១៨កញ្ចប់តូចធំ បញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២ ៖៣០ថ្ងៃត្រង់ បានទទួលព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មានថា នៅចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានមុខសញ្ញាជួញដូរ គ្រឿងញៀន ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាញ់ ឡាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ដកហូតវត្ថុតាង៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច។
ប្រភពដដែរបន្ដថា លុះដល់ម៉ោង១៣៖១០នាទី ថ្ងៃដដែលកម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ដោយមានការសហការល្អ ពីម្ចាស់ផ្ទះជួល ឈ្មោះ ព្រាប សីហា ភេទប្រុស អាយុ៣៧ឆ្នាំ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហៀក ពេជ ភេទប្រុស ៣២ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើត ភូមិលេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅបន្ទប់ជួល លេខ៣ ឆែកឆេររកឃើញថ្នាំញៀនចំនួន៦កញ្ចប់ (ធំ១កញ្ចប់) និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ច បានបន្ដទៀតថា លុះដល់ម៉ោង១៣៖៥៥នាទី ថ្ងៃដដែលសមត្ថកិច្ចបន្តស្រាវជ្រាវ ឃាត់ជនសង្ស័យបានម្នាក់ទៀត ដែលស្នាក់នៅបន្ទប់លេខ៥ ដែលមានឈ្មោះ ខាន់ ស៊ីនាថ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ រថយន្ត ស្រុកកំណើតនៅភូមិគ្រោះ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្តព្រៃវែង ដែលជួលបន្ទប់លេខ៥ ស្នាក់នៅឆែកឆេររកឃើញថ្នាំញៀនចំនួន៩កញ្ចប់ (ធំ៨កញ្ចប់) និងសម្ភារវេចខ្ចប់មួយចំនួនទៀត។ ដកហូតសម្ភាររួមមាន៖ ម្ស៉ៅក្រាមព៌ណសថ្លា សង្ស័យជាថ្នាំញៀនចំនួន១៦កញ្ចប់ (ធំ៨កញ្ចប់) ទូរស័ព្ទដៃ៣គ្រឿង សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕