(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានជំរុញឱ្យអាជ្ញាធរស្រុក និងឃុំ ធ្វើសេចក្តីរាយការណ៍ នូវបញ្ហាប្រឈម ដែលអាជ្ញាធរស្រុក និងឃុំជួបប្រទះនាពេលកន្លង និងពេលបច្ចុប្បន្ន ដើម្បីរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យស្រុក និងឃុំមានការអភិវឌ្ឍន៍ កាន់តែ ល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានោះ លោក ម៉ម ប៊ុននាង ក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរស្រុក និងឃុំទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់សេវា និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ការជំរុញរបស់ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាពេលនេះ បានធ្វើឡើងក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្នាំ២០១៩ ប្រចាំស្រុកកណ្តាលស្ទឹង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ។
ពិធីសន្និបាតនេះ ក៏មានការអញ្ជើញចូលរួម ពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលស្រុក ឃុំ កងរាជអាវុធហត្ថ និងសឹករង ក្រុមការងារស្រ្តី យុវជន និងថ្នាក់ដឹកនាំភូមិ សរុបចំនួន៦២៥នាក់ នៅឃុំអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានលើកឡើងអំពីគោលបំណងនៃអង្គសន្និបាតនេះ គឺសង្កត់ធ្ងរទៅលើ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម សណ្តាប់ធ្នាប់សាធារណការ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព អំពីការងារដោះស្រាយទំនាស់ដីធ្លី ការងារកសិកម្ម ការងារអប់រំ យុវជន និងកីឡា អំពីសកម្មភាពក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ឃុំ។
ក្នុងកិច្ចប្រជុំនោះ លោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ ធ្វើឲ្យការងារនៅមូលដ្ឋានមានសន្ទុះ វិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ជាពិសេសតាមរយៈការចុះជួបសំណេះសំណាល ជាបន្តបន្ទាប់កន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយ ទទួលបាននូវព័ត៌មានថ្មីៗ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ បើទោះបីជាយ៉ាងណា លោកបានណែនាំឲ្យថ្នាក់ដឹកនាំស្រុកគ្រប់ថ្នាក់ ពង្រឹងសកម្មភាពឲ្យបានជាប់ជាប្រចាំ។ ពិសេសត្រូវបន្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋ តាមគ្រួសារនីមួយៗ ដើម្បីស្វែងយល់ពីស្ថានភាព ជីវភាព សុខភាព និងជួយអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់បងប្អូន។
នៅក្នុងឱកាសនោះដែរ លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង បានធ្វើសេចក្តីរាយណ៍អំពីស្ថានភាពភូមិសាស្រ្តរបស់ស្រុក ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព (បទល្មើសព្រហ្មទណ្ឌ ការចុះបង្ក្រាបបទល្មើស គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ) អំពីការងារដោះស្រាយទំនាស់ដីធ្លី ការងារកសិកម្ម ការងារអប់រំ យុវជន និងកីឡា អំពីសកម្មភាពក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ឃុំ។ ទន្ទឹមគ្នានេះ ក៍មានសេចក្តីរាយការណ៍អំពីបញ្ហាប្រឈម និងសូមណូមពរពីអាជ្ញាធរឃុំផងដែរ។
គួរបញ្ជាក់ថា អង្គសន្និបាតប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដោយមានបទអន្តរាគមន៍ពី ការិយាល័យ នគរូបនីយ៍កម្ម សំណង់ និងភូមិបាលស្តីពី ការងារកន្លមក បញ្ហាប្រឈម ទិសដៅ និងដំណោះស្រាយ បទអន្តរាគមន៍អធិការនគបាលស្រុកស្តីពី ការងារភូមិ ឃុំមានសុវត្ថិភាព គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសង សកម្មភាពអន្តរាគមន៍មានប្រសិទ្ធិភាព និងជោគជ័យ បទអន្តរាគមន៍ការិយាល័យផែនការ និងគាំទ្រឃុំស្តីពី គម្រោងអនុវត្តមូលនិធិស្រុក ឃុំ ការកសាងផែនការ និងបញ្ហាប្រឈម បទអន្តរាគមន៍ ក្រុមយុវជន ខ៤ ស្តីពី ការងារសង្រ្គោះ និងកិច្ចការមនុស្សធម៌ បទអន្តរាគមន៍មេឃុំកណ្តោក មេឃុំរកា មេឃុំ គោកត្រប់ មេឃុំ ត្បែង ស្តីពី ការគ្រប់គ្រងមូលដ្ឋាន សភាពការមូលដ្ឋាន និងការកសាងកម្លាំងពិនិត្យ ការគ្រប់គ្រងប្រជាពលរដ្ឋ ការងារអត្រានុកូលដ្ឋាន និងការផ្តល់លិខិតស្នាមគតិយុត្ត ចលនាក្នុងការចូលរួមរបស់ប្រជាពលរដ្ឋ ការវាយតម្លៃ និងការកសាងកម្លាំងពិត៕