(កំពត)៖ នៅក្នុងឱកាសធ្វើលំហាត់សមយុទ្ធនាគមាសរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា ប្រធានក្រុមដឹកនាំសមយុទ្ធនាគមាសកម្ពុជា បានសហការជាមួយ លោកវរសេនីយ៍ឯកពិសេស ស៊ូ ឃ័ក ប្រធានក្រុមដឹកនាំសមយុទ្ធចិន បានរៀបចំកម្មវិធីមនុស្សធម៌បរិច្ចាគឈាម រួមគ្នានៅក្នុងអំឡុង ពេលធ្វើសមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលស្ថិតនៅភូមិត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
កងទ័ពដែលចូលរួមបរិច្ចាគឈាម នៅក្នុងឱកាសនោះរួមមានភាគីកម្ពុជាមានចំនួន ៦៩នាក់ និងភាគីចិន មានចំនួន៥០នាក់ ព្រមទាំងចុះពិនិត្យជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជិត១០០នាក់ និងបន្តចុះចែកអំណោយដល់កូនសិស្សានិសិស្សចំនួន ១៥៦នាក់ផងដែរ។
សូមជម្រាបថា លំហាត់ហ្វឹកហ្វឺននាគមាស ផ្តោតសំខាន់លើប្រធានបទកិច្ចការមនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាង កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនតែម្តង៕