(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ផ្នែកអចលនទ្រព្យរបស់កម្ពុជា ទៅកាន់ទីផ្សាររបស់ប្រទេសចិន និងសហគមន៍អឺរ៉ុប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន យូនណាន សេងម៉ៅ អ៊ិនវេសមិន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Attica Diamond របស់ប្រទេសក្រិច ដើម្បីផ្សព្វផ្សាយលក់នូវគម្រោងខ្នាតយក្ស TCC និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះអន្តរជាតិ ថ្រាយអ៊ឹម ទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សាអឺរ៉ុប។
នៅក្នុងពិធីនោះផងដែរ ក៏មានការចូលរួមពីសំណាក់ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពុងផែស្វយ័តភ្នំពេញ លោក Chen Taian អគ្គនាយកក្រុមហ៊ុន យូនណាន សេងម៉ៅ អ៊ិនវេសមិន តំណាងក្រុមហ៊ុន Attica Diamond របស់ប្រទេសក្រិច រួមទាំងតំណាងក្រុមហ៊ុនផ្នែកអចលនទ្រព្យយ៉ាងច្រើន ដែលស្ថិតនៅតាមបណ្តោយផ្លួវលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ឺ បាវី បានថ្លែងថា ការចុះ MoU នៅថ្ងៃនេះរវាងក្រុមហ៊ុនចិន និងក្រិច នឹងក្លាយជាឱកាសមួយភ្ជាប់គម្រោងនេះ ដើម្បីចូលរួមកិច្ចជាមួយគ្នារវាងកម្ពុជា-ចិន និងក្រិច នឹងអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងឡាយដែលមានចំណាប់អារម្មណ៍ នឹងមកទិញទំនិញតែមួយកន្លែងអាចរកបានគ្រប់មុខទំនិញដែលពួកគាត់ចង់បានផងដែរ។
លោកបានបន្តថា ទោះបីបច្ចុប្បន្ននេះទៅទីផ្សារនៅក្នុងស្រុក ព្រមទាំងទីផ្សារនៅក្នុងប្រទេសចិន មានទំហំធំជាងទីផ្សារនៅអឺរ៉ុប ប៉ុន្តែលោកសង្ឃឹមថា បន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនចិន-ក្រិច នឹងក្លាយជាឱកាសមួយចូលរួមជាមួយកៀរគរអតិថិជនផងដែរ។ ដោយឡែកគម្រោងនេះនឹងអាចជួយដល់សាលារាជធានីភ្នំពេញ ដែលកំពុងតែរៀបចំអភិវឌ្ឍនៅតាមដងទន្លេ ហើយអាជីវករដែលរកស៊ី នៅតាមដងទន្លេអាចចូលមកលក់នៅក្នុងទីផ្សារនេះ ដោយក្រុមហ៊ុននឹងចូលរួមសហការជាមួយគ្នាផងដែរ។
ជាមួយគ្នានេះដែរ លោក Chen Taian បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានចាប់ដៃជាមួយកំពង់ផែស្វយ័តភ្នំពេញ ចាប់តាំងពីចុងឆ្នាំ២០១៦មកម្ល៉េះ ក្នុងការវិនិយោគលើគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអ៊ឹម ដែលគម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មបោះដុំ និងមជ្ឈមណ្ឌលកំសាន្តធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលរួមមានផ្សារពាណិជ្ជកម្ម សណ្ឋាគារលំដាប់ផ្កាយ អគារស្នាក់នៅ អគារការិយាល័យ វិថីអាហារ ពិភពកម្សាន្តជាដើម។
លោកបានបន្តថា ការចាប់ដៃគូជាមួយក្រុមហ៊ុន Attica Diamond របស់ក្រិច ដោយសង្ឃឹមថានឹងផ្តល់ការប្រឹក្សាលើវិស័យអចលនទ្រព្យ ដោយពាំនាំយកគម្រោងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអ៊ឹមនេះ ទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអឺរ៉ុប ប្រកបដោយភាពជោគជ័យផងដែរ។
អគារពាណិជ្ជកម្មចម្រុះអន្តរជាតិនៅកម្ពុជានេះ អាចនឹងចំណាយទុនសាងសង់នូវទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារ ដែលមានទាំងឃ្លាំងស្វយ័តភ្នំពេញ និងជាមជ្ឈមណ្ឌលបោះដុំដ៏ធំមួយនៅក្នុងតំបន់អាស៊ី ហើយទំនិញគ្រប់មុខនឹងនាំមកប្រមូលផ្តុំនៅទីនេះ។ អគារពាណិជ្ជកម្មនេះ មានបណ្តុំនូវមុខងារដូចជា៖ អគារបោះដុំ មជ្ឈមណ្ឌលវប្បធម៌ ទេសចរណ៍ សណ្ឋាគារ ខុនដូ ធុរកិច្ច ភោជនីយដ្ឋាន កន្លែងកម្សាន្ត សារមន្ទីរ និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញទៅដោយភាពទាក់ទាញ ផាសុកភាព សុវត្ថិភាព និងល្អដាច់គេ នៅរាជធានីភ្នំពេញនាពេលអនាគត។
សូមបញ្ជាក់ថា គម្រោង ថ្រាយអឹម វិនិយោគលើផ្ទៃដីជិត១០ហិចតា នៅត្រង់ចំណុចឃ្លាំងកំពង់ផែស្វយ័តក្រុងភ្នំពេញ ក្នុងរយៈពេលវិនិយោគ ៤០ឆ្នាំ។ ដំណាក់កាលដំបូងនៃគម្រោងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ ព្រមទាំងគ្រោងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០៕