(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងជំរុញឲ្យយុវវ័យទាំងអស់ និងមន្ត្រីរាជការ ជាពិសេសយុវវ័យដែលជាសមាជិក ស.ស.យ.ក ត្រូវចេះលះបង់កម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិ និងប្រជាជនបានសេចក្តីសុខ។
លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែល ស.ស.យ.ក បានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា តាមបណ្តាវិស័យ ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានសមាជិកចូលរួមសរុបចំនួន ២,២៥០នាក់ នៅអាគារខេមរានី នៃទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។ គោលបំណងនៃការជួបជុំនេះ គឺដើម្បីបញ្ជ្រាបឱ្យកាន់តែច្បាស់ពីបុព្វហេតុ និងបេសកកម្មនៃ ស.ស.យ.ក ក៏ដូចជាស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លួនចូលរួមឆ្លើយតប ទៅនឹងតម្រូវការនៃការវិវត្តសង្គមកម្ពុជា ក្នុងនាមជាសមាជិក សមាជិកា ស.ស.យ.ក និងជាមន្ត្រីរាជការម្នាក់ៗ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានសម្រេចការងារជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះយើងក៏ទទួលស្គាល់ថាមានបញ្ហាជាបន្តបន្ទាប់ ដែលយើងទាំងអស់គ្នា មិនថាក្នុងនាមជាសមាជិក សមាជិកា ស.ស.យ.ក ឬក្នុងនាមជាមន្ត្រីរាជការមួយរូប បាននិងកំពុងជួបប្រទះ ប៉ុន្តែយើងទាំងអស់គ្នាត្រូវរៀនសូត្រពីយុវជនជំនាន់មុន ក្នុងការអត់ធ្មត់តស៊ូ ប្រឈមមុខនឹងបញ្ហា អនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍សង្គមជាតិ និងប្រជាជនជាចម្បង ដើម្បីធានាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខសន្តិភាពសម្រាប់អនាគត»។
ប្រធាន ស.ស.យ.ក រូបនេះ បានបន្តថា «យើងត្រូវហ៊ានលះបង់ដើម្បីឱ្យប្រទេស និងប្រជាជនបានសុខ»។
លោក ហ៊ុន ម៉ានី បានថ្លែងទៀតថា ស្របពេលនៃដំណើរវិវត្តឥតឈប់ឈរ នៃស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយ ស.ស.យ.ក បានកត់សម្គាល់ឃើញនូវបញ្ហាប្រឈមមួយចំនួន ដែលសង្គមបច្ចុប្បន្នកំពុងជួបប្រទះ និងចាំបាច់ត្រូវរកដំណោះស្រាយឲ្យកាន់តែប្រសើរ។ ប៉ុន្តែក្នុងដំណើនេះ សមាជិក សមាជិកា ស.ស.យ.ក គ្រប់ៗរូបបានចងចាំជានិច្ចនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំបច្ចុប្បន្ន ជាពិសេសភាពប៉ិនប្រសព្វ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលកន្លងមក ដែលឈានទៅដល់ការក្រោកឡើងតស៊ូរំដោះ និងសង្គ្រោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ការហ៊ានលះបង់ជីវិតក្នុងការការពារ និងទប់ទល់មិនឲ្យមានការវិលត្រឡប់មកវិញនូវរបបយង់ឃ្នង និងការសម្រេចចិត្តដ៏ត្រឹមត្រូវជាច្រើនទៀត ក្នុងបុព្វហេតុស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។
លោកបន្តថា ក្នុងដំណើរការនៃការស្តារសង្គមកម្ពុជា គិតចាប់ពីការសម្រេចចិត្តរំដោះជាតិកាលពីឆ្នាំ១៩៧៨ ការកសាងសន្តិភាព និងស្ថិរភាព ក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល និងការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិពីផែនការ ទៅជាទីផ្សារសេរី ដែលជាប្រភពនៃការកសាងមូលដ្ឋាននៃការអភិវឌ្ឍប្រទេស គឺមិនមែនជារឿងសាមញ្ញនោះទេ តែជាការគិតគូរ និងធ្វើយ៉ាងណាដាក់ប្រយោជន៍ប្រទេសជាតិ និងប្រជាជនមុនអ្វីៗទាំងអស់។
បើតាមប្រធាន ស.ស.យ.ក ជាមួយនឹងវិធីសាស្ត្រដ៏ជោគជ័យ ដែលយុវជនជំនាន់មុន បានអនុវត្តពីមួយដំណាក់កាល ទៅមួយដំណាក់កាល ស.ស.យ.ក បានវាយតម្លៃខ្ពស់ និងប្តេជ្ញាបន្តគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជ្រោងសង្គមកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពឲ្យកាន់តែប្រសើរ។ ស.ស.យ.ក នឹងបន្តជំរុញការប្រកាន់ភ្ជាប់ឱ្យបាននូវស្មារតី នៃការការពារជាតិ រក្សាអត្តសញ្ញាណជាតិ និងលើកតម្កើងវប្បធម៌ ប្រពៃណី និងប្រវតិ្តសាស្រ្ត (CAMBODIANESS) ក៏ដូចជាខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ទេពកោសល្យ ពង្រីកគំនិតច្នៃប្រឌិត និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនានា ដែលនឹងមកដល់នាពេលអនាគត (COMPETENCY)។
ទន្ទឹមនឹងនោះ ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ សាមគ្គីធម៌ និងការសន្តោសប្រណី យល់អធ្យាស្រ័យគ្នាទៅវិញទៅមក (COMPASSION) គឺជាកត្តាសំខាន់មួយ ដែល ស.ស.យ.ក តែងតែបណ្តុះស្មារតីដល់ សមាជិក សមាជិកា ដើម្បីចូលរួមរក្សាភាពសុខដុមក្នុងសង្គម និងធានាអនាគតសង្គមកម្ពុជាមួយដែលពោរពេញដោយសុខសន្តិភាព ដល់កូនចៅជំនាន់ក្រោយ៕