(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់ដៃគូសហប្រតិបត្ដិការទាំងអស់ រួមទាំងជប៉ុន កូរ៉េ និងដៃគូដទៃទៀត បន្ដជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យសុខាភិបាលកម្ពុជា ដើម្បីជួយលើកស្ទួយសុខុមាលភាពរបស់ប្រជាជនកម្ពុជា កាន់តែមានភាពល្អប្រសើរឡើងថែមទៀត ។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកវេទិកាវេជ្ជសាស្ត្រ សមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា សហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យ JIKEI តូក្យូ ជប៉ុន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ភ្នំពេញ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្រោមកិច្ចសហប្រតិបត្ដិការ និងការជួយបណ្ដុះបណ្ដាលរបស់ភាគីដៃគូពាក់ព័ន្ធ បានជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងច្រើនណាស់។ ជាក់ស្ដែង មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន ដែលជាមន្ទីរពេទ្យមានលក្ខណៈស្ដង់ដាអន្ដរជាតិ បានជួយបណ្ដុះបណ្ដាលទាំងទ្រីស្ដី និងការវះកាត់ ដល់មន្ទីរពេទ្យកម្ពុជាយើង។ សម្រាប់ភាគីកូរ៉េ ក៏ដូច្នេះដែរ ពិសេសថ្មីៗនេះ បានប្រើឧបករណ៍ទំនើប ដើម្បីព្យាបាលដល់កុមារ គ-ថ្លង់នៅកម្ពុជាយើង ឱ្យអាចស្ដាប់លឺ និងនិយាយបានទៀត ដូចមនុស្សទូទៅបាន»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ដៃគូពាក់ព័ន្ធទាំងអស់នេះ នឹងបន្ដជួយគាំទ្របន្ថែមទៀត ទាំងការបណ្ដុះបណ្ដាល បច្ចេកទេស និងផ្សេងទៀត ដើម្បីជួយលើកកម្ពស់វិស័យសុខាភិបាល ក្នុងបម្រើនូវសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង» ។
ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានជំរុញដល់ប្រធានសមាគមអណត្ដិទី៨នេះ បន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបណ្ដុះបណ្ដាលឱ្យសមាជិករបស់ខ្លួន ដើម្បីជួយឱ្យប្រទេសយើង បានរីកចម្រើនទាន់ប្រទេស ក្នុងតំបន់ក៏ដូចជាសមាគមអន្ដរជាតិ ។
ជាពិសេសក្នុងឱកាសបើកវេទិកាវេជ្ជសាស្ដ្រនេះ អណត្ដិទី៨នេះ ដែលសហប្រតិបត្ដិការ ជាមួយមន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន, កូរ៉េ និងប្រទេសថៃ នឹងជាឱកាសជួបជុំសាមគ្គីដ៏រឹងមាំមួយផងដែរ រវាងសមាជិក សមាជិកាសមាគមទាំងអស់ ទាំងក្នុងនិងក្រៅទេស និងក៏បានបង្ហញពីការចែករំលែកនូវបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក ។
ជាងនេះទៅទៀត ការអនុវត្ដរបស់សមាគកន្លងមកនេះ គឺបង្ហាញពីការអភិវឌ្ឍរីកចម្រើនពិតប្រាកដមែន ជាគំរូដ៏ល្អមួយដល់សមាគមវេជ្ជសាស្ដ្រផ្សេងៗទៀត ក្នុងការអនុវត្ដតាម ដើម្បីរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រទេសយើងមានសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដូច្នេះឧបករណ៍បច្ចេកវិទ្យាយើងក៏មានការរីកចម្រើនផងដែរ ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបន្ដជួយគាំទ្រកន្លងមកនេះ ដែលបានចូលរួមចំណែកយ៉ាងច្រើន ជួយដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ៕